បាល់បោះ៖ ក្រុមបាល់បោះ Los Angeles Lakers បានយកឈ្នះ Orlando Magic ដោយលទ្ធផល ១១១-១០៥ ដើម្បីបន្តក្តីសង្ឃឹមក្នុងការបង្ហាញខ្លួននៅវគ្គ Play-Off ក្របខណ្ឌបាល់បោះអាមេរិក NBA។

កីឡាករ Austin Reave បោះបាន ៣៥ពិន្ទុម្នាក់ឯងក្នុងចំណោម ១១១ពិន្ទុរបស់ Lakers នេះ ខណៈដែល D’Angelo Russell បោះបន្ថែម ១៨ពិន្ទុ និង Anthony Davis ១៥ពិន្ទុដើម្បីឱ្យ Lakers ងើបពីចាញ់ ២ប្រកួតជាប់គ្នាមករកជ័យជំនះវិញ។ ជ័យជំនះនេះធ្វើឱ្យ Lakers បន្តឈរលេខ ១០ នៅភាគខាងលិច ជាចំណាត់ថ្នាក់ចុងក្រោយនៃវគ្គ Play-In ខណៈដែលនៅសល់ ១០ប្រកួតទៀតចប់រដូវកាលវិលជុំធម្មតា។ ចំណែក Orlando Magic ស្ថិតក្នុងចំណាត់ថ្នាក់មិនល្អឡើយនៅភាគខាងកើតពោលគឺឈរលេខ ១៣។
ក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ ក្នុងតារាងទាំងពីរតំបន់នឹងមានកៅអីនៅវគ្គ Play-Off ដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ ៧ ដល់លេខ ១០ ត្រូវលេខ Play-In Tournament សិនដើម្បីដណ្តើមកៅអីនៅវគ្គ Play-Off ចុងក្រោយ។ លទ្ធផលផ្សេងទៀតក្រុមកំពូលតារាងនៅភាគខាងកើត Milwaukee Bucks នៅតែបន្តជ័យជំនះរបស់ខ្លួនដោយយកឈ្នះ Toronto Raptors ១១៨-១១១ ដែលក្នុងនោះ Giannis Antetokounmpo បោះបាន ២២ពិន្ទុ ១៣បាល់រីបោន និង ១០បាល់បញ្ជូន៕
អត្ថបទ៖នាង សុភាវុធ