ភ្នំពេញ៖ ឯកឧតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុក អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាចំណែកមួយដែលបានជួយដល់យុវជនក្រីក្រឱ្យមានចំណេះ ជំនាញ និងមានការងារមួយដ៏ល្អ ដើម្បី ជួយ ដល់គ្រួសារខ្លួន ឱ្យមានជីវភាពធូរធារ ដែលនេះជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុង ការកាត់ បន្ថយភាពក្រីក្រ។
ការលេីកឡេីងខាងលេីនេះរបស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វេីឡេីងក្នុងជំនួបការងារជាមួយគណៈគ្រប់គ្រងថ្មីនៃអង្គការ PSE កាលពីព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ លោកស្រី ហ្គោកឺឡាំង ដេប៉ាលីយែរ លក្ខិណា នាយិកាអង្គការដើម្បីភាពញញឹមនៃកុមារ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា អង្គការ PSE ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបាន បង្កើតឡើង តាំងពីឆ្នាំ១៩៩៦ ក្នុងបេសកម្មដើម្បីជួយដល់កុមារ យុវជន និងគ្រួសារក្រីក្របំផុត ដោយផ្តោតសំខាន់ លើការផ្តល់អាហារ ការព្យាបាល ការការពារ ការជួយសង្គ្រោះនិងថែទាំ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការឧបត្ថម្ភដល់គ្រួសារ ក្នុង ករណី បន្ទាន់។ លោកស្រីបន្តថា កុមារដែលបានជ្រើសរើសដោយអង្គការ ត្រូវតែស្ថិតក្នុងតំបន់ ទាំង៣របស់ PSE គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយផ្អែកតាម លក្ខខណ្ឌដែលបានកំណត់ជាពិសេសគឺត្រូវតែតាំងទីលំនៅជាប្រចាំស្ថិតនៅក្នុងតំបន់គោលដៅយ៉ាងតិច១ ឆ្នាំឡើង មានរបររើសអេតចាយនៅតំបន់គំនរសំរាម ឬតាមផ្លូវសាធារណៈ និងមានជីវភាពទីទ័លក្រ (ចំណូលក្រោមបន្ទាត់ភាពក្រីក្រ) ឬកុមារដែលទទួលរងក្នុងអំពើហឹង្សាក្នុងគ្រួសារ កុមារទទួលរងការរំលោភបំពានសិទ្ធិ និងកម្លាំងពលកម្មនានា។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង នៅក្នុងជំនួបនេះ បានមានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងលឿន ការផ្គត់ផ្គង់ធនធានមនុស្សចូលទៅក្នុងទីផ្សារការងារមិនទាន់បានបំពេញតាមតម្រូវការ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជននៅឡើយទេ។ ម្យ៉ាងវិញទៀត កម្លាំងពលកម្មដែលបានចូលទៅក្នុងទីផ្សារការងារ ខ្លះក៏មិនមានជំនាញនៅឡើយ ដែលជាបញ្ហា ត្រូវរួមគ្នាដោះស្រាយ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល បានបង្កើតនូវក្របខណ្ឌគោលនយោបាយជាតិ ជាច្រើន ដើម្បីគាំទ្រ ធ្វើយ៉ាងណា ឱ្យសម្រេចបាន នៃការអប់រំ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ឱ្យទទួលបានទាំងបរិមាណ គុណភាព និងប្រសិទ្ធភាពខ្ពស់។
ជាមួយនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ ឱ្យធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជនក្រីក្រចំនួន ១លាន ៥សែននាក់ ដើម្បីឱ្យមានជំនាញមួយ យកទៅបង្កើតមុខរបរផ្ទាល់ខ្លួន និងចូលធ្វើការនៅតាមរោងចក្រ សហគ្រាសនានា។ ដូច្នេះ ឯកឧត្តម បានស្នើដល់អង្គការ PSE រង់ចាំសហការពីក្រសួង ដើម្បីទទួលយកផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទៅដល់យុវជន ដែលស្របទៅនឹងបេសកម្ម ចក្ខុវិស័យរបស់អង្គការស្រាប់។
ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី អង្គការ PSE ពិតជារីករាយចូលរួមបំពេញតួនាទីឱ្យបានល្អ ក្នុងការបណ្តុះបណ្តាលទៅដល់យុវជន ឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កាជូនជាតិមាតុភូមិ៕ ដោយ ៖ បូរ៉ាវី




