ចិន៖ ក្រុមអាជ្ញាធរអាកាសធាតុរដ្ឋបាននិយាយនៅថ្ងៃពុធនេះថា ព្យុះខ្សាច់ដ៏ធ្ងន់ធ្ងរបានបោកបក់ទូទាំងទីក្រុងប៉េកាំង និងខេត្តមួយចំនួននៅភាគខាងជើងក្នុងប្រទេសចិន ដោយមានសំណុំនៃធូលីពណ៌លឿងទុំក្រាស់កំពុងគ្របដណ្ដប់តំបន់នេះ និងបង្កឲ្យមានការបំពុលអាកាសកើនឡើងដល់កម្រិតគ្រោះថ្នាក់។
សំណុំដ៏ក្រាស់ឃ្មឹកបានគ្របដណ្ដប់រដ្ឋធានីរបស់ចិន ជាទីដែលសន្ទស្សន៍គុណភាពខ្យល់ PM10 ភាគល្អិតនៃការបំពុលដែលមានអង្កត់ផ្ចិតតិចជាង ១០មីក្រូម៉ែត្រ ហើយអាចចូលតាមច្រមុះ និងធ្វើដំណើរទៅកាន់សួត បានលើសពីតារាងត្រួតពិនិត្យ នេះបើយោងតាមមជ្ឈមណ្ឌលតាមដានបរិស្ថានអេកូឡូស៊ីទីក្រុងប៉េកាំង។ ក្រុមអាជ្ញាធរអាកាសធាតុនៅក្នុងទីក្រុងប៉េកាំងបានព្រមាន ពលរដ្ឋកុំឲ្យចេញក្រៅផ្ទះធ្វើលំហាត់ប្រាណ និងសកម្មភាពផ្សេង ព្រមទាំងបានស្នើឲ្យអ្នកបើកបររក្សាការប្រុងប្រយ័ត្ន និងការបន្ថយល្បឿនបើកបរ ដោយសារតែមិនអាចមើលឃើញផ្លូវច្បាស់។
មជ្ឈមណ្ឌលតាមដានអាកាសធាតុក្រុងប៉េកាំងបាននិយាយនៅថ្ងៃពុធនេះថា ការប្រមូលផ្ដុំភាគល្អិត PM10 ប៉ះពាល់ដល់ ១.៦៦៧មីក្រូក្រាមក្នុងមួយម៉ែត្រត្រីគុណនៅត្រឹមម៉ោង ៦ព្រឹកម៉ោងក្នុងស្រុក ស្របពេលទីភ្នាក់ងារនេះហៅថា ជាព្យុះខ្សាច់ធ្ងន់ធ្ងរបំផុតនៅឆ្នាំនេះ៕
អត្ថបទ៖ សុខមាន