សៀមរាប៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២២-២០២៣ ផ្នែកសិស្សមធ្យមសិក្សាលើប្រភេទកីឡាចំនួន ៦ប្រភេទបុរស-នារីត្រូវបានបញ្ចប់កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានចាប់ផ្តើមប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលមួយសប្ដាហ៍កន្លងមក។
លោក ជូន សុខវ៉ាន់ឌី ប្រធានការិយាល័យកីឡា និងជាគណៈកម្មការអនិន្ត្រៃយ៍រៀបចំការប្រកួត នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាបលើកឡើងថា ការប្រកួតបានដំណើរការយ៉ាងរលូនចាប់ផ្ដើមពីថ្ងៃទី១៥ ខែមីនារហូតដល់ថ្ងៃបញ្ចប់នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ លោកបន្ដថា ក្រុមកីឡាករចូលរួមប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា២០២២-២០២៣ មានចំនួន ១២ក្រុង-ស្រុក គ្រឹះស្ថានមធ្យមក្រោមឱវាទចំនួន៣ និងគ្រឹះស្ថានមធ្យមឯកជនចំនួន៧ផងដែរ។ លោកបន្ដថា ប្រភេទកីឡាមានចំនួន ៦ប្រភេទរួមមានប្រភេទកីឡាបាល់ទាត់ផ្នែកបុរស នារី ប្រភេទកីឡាបាល់ទះ បុរសនារី ប្រភេទកីឡាបាល់បោះ បុរសនារី ប្រភេទកីឡាអត្តពលកម្មបុរស-នារី ប្រភេទកីឡាប៊ូល និងប៉េតង់ ប្រភេទកីឡាតេក្វាន់ដូ ដែលមានកីឡាករ កីឡារិនីចូលរូមចំនួន ១២៦៤នាក់។ លោកបន្ថែមថា ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញនៅលើទីលានប្រកួតទាំង ៦ប្រភេទកីឡាអស់រយៈពេលចំនួន ៧ថ្ងៃបានកត់សម្គាល់ឃើញថាក្រុមនីមួយៗមានបច្ចេកទេស និងទេពកោសល្យរបស់ខ្លួន ដែលបានចូលរួមប្រកួតប្រកបដោយទឹកចិត្តក្លៀវក្លា ដោយឈរលើស្មារតី គោរពវិន័យ បទបញ្ហាបច្ចេកទេស និងចេះស្រឡាញ់យោគយល់ អធ្យាស្រ័យគ្នា ហើយបានផ្សារភ្ជាប់យ៉ាងជិតស្និតនូវចំណងសាមគ្គីភាព ភាតរភាព ដែលជាគំរូមួយដ៍ល្អសម្រាប់អនាគតប្រទេសជាតិយើង។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប លោកបានកោតសរសើរខ្ពស់ចំពោះការរៀបចំការប្រកួតដ៍ស្វិតស្វាញនាពេលនេះ។ លោកបន្ដថា ការលេងកីឡាគឺមានសារៈប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យ ក្នុងការទទួលបាននូវសុខភាពល្អទាំងផ្លូវ កាយផ្លូវចិត្ត និងជួយឱ្យជៀសផុតពីភាពអសកម្មផ្សេងៗក្នុងសង្គម។ មិនតែប៉ុណ្ណោះកីឡាបានរួមចំណែកកសាងធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិឱ្យសមស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជាយើងនឹងទទួលធ្វើម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នាពេលមុខ ដូចនេះការលើកស្ទួយវិស័យកីឡាគឺជារឿងចាំបាច់ ព្រោះថា វិស័យអប់រំកាយ និងកីឡា ជាសមាសភាពមួយមិនអាចខ្វះបានក្នុងចំណោមសមាសភាគទាំងប្រាំនៃវិស័យអប់រំ សំដៅកសាងកាយសប្បទារឹងមាំ មានសុខភាពល្អ បង្កើតចំណងមិត្តភាព ភាតរភាព ឱ្យមាននិរន្តរភាព។ លោកបន្ថែមថា កីឡាសិស្សមធ្យមសិក្សាទាំងអស់ដែលបានចូលរួមក្នុងការប្រកួត ដោយឈរលើគោលការណ៍បទបញ្ជានៃការប្រកួតកីឡាបានល្អត្រឹមត្រូវ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្រលាញ់កីឡាពិតប្រាកដ ហើយបានទទួលលទ្ធផលបច្ចេកទេសរបស់ខ្លួន “មិនគិតតែពីឈ្នះ - ចាញ់ឡើយ“។ លោកបានអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំគ្រប់ការិយាល័យ អប់រំយុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុក គ្រប់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជនទូទាំងខេត្ត ឱ្យចូលរួមបំផុសសកម្មភាពកីឡាឱ្យបានទូលំទូលាយ ជាពិសេសសកម្មភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាដើម្បីជាគោលដៅសម្រាប់មិត្តភាព សាមគ្គីភាព សុខុមាលភាព ទាំងផ្លូវកាយ - ផ្លូវបញ្ញាដល់សិស្សានុសិស្ស និងប្រជាជនកម្ពុជា៕