អ៊ូហ្គង់ដា៖ សមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នារបស់ប្រទេសអ៊ូហ្គង់ដាកំពុងតក់ស្លុត និងភ័យខ្លាចក្នុងការរស់នៅរបស់ពួកគេ បន្ទាប់ពីសភាបានអនុម័តច្បាប់ថ្មីមួយ ដែលនឹងធ្វើឲ្យវាក្លាយជាបទឧក្រិដ្ឋក្នុងការបញ្ជាក់ថា ជាអ្នកស្រឡាញ់ភេទដូចគ្នា។
សេចក្តីស្នើច្បាប់ប្រឆាំងមនុស្សស្រឡាញ់ភេទដូចគ្នា The "Anti-Homosexuality Bill" បានអនុម័តកាលពីថ្ងៃអង្គារ ដោយសុទ្ធសឹងតែមានការសម្រេចចិត្តដោយសំឡេងភាគច្រើន ជាឯកច្ឆន្ទកាលពីថ្ងៃអង្គារ។ ទំនាក់ទំនងនៃអ្នកស្រឡាញ់ភេទដូចគ្នា គឺជារឿងខុសច្បាប់រួចទៅហើយនៅក្នុងប្រទេសអ៊ូហ្គង់ដា និងជា ៣០ប្រទេសផ្សេងទៀតនៅអាហ្វ្រិក។ ច្បាប់ថ្មីនេះនឹងឈានដល់ការកាត់ទោសយ៉ាងតឹងរ៉ឹង ដូចជាការជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់ទំនាក់ទំនងភេទដូចគ្នា និងទោសប្រហារជីវិតសម្រាប់ការស្រឡាញ់ភេទដូចគ្នាជ្រុលហួសហេតុ ដោយយោងទៅតាមច្បាប់នេះពាក់ព័ន្ធនឹងការរួមភេទជាមួយមនុស្សប្រុសដូចគ្នាអាយុក្រោម ១៨ឆ្នាំ ឬនៅពេលដែលអ្នកប្រព្រឹត្តមានផ្ទុកមេរោគអេដស៍ស្ថិតក្នុងចំណោមប្រភេទផ្សេងទៀត។ លោក Frank Mugisha គីជាអ្នកតស៊ូមតិមួយរូបក្នុងចំណោមសកម្មភាពតស៊ូមតិអ៊ូហ្គង់ដាមួយចំនួនតូច ដែលបានរស់នៅដោយបើកចំហជាបុគ្គលភេទទី៣។
អង្គការសប្បុរសធម៌សម្រាប់សិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នារបស់លោកត្រូវបានបិទកាលពីឆ្នាំមុន។ អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិកលោកស្រី Karine Jean-Pierre បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងអំពីសេចក្តីស្នើច្បាប់របស់អ៊ូហ្គង់ដាកាលពីថ្ងៃពុធ។ ប្រសិនបើវិធានការមនុស្សធម៌អាហ្វ្រិកត្រូវបានចុះហត្ថលេខាចូលជាច្បាប់ និងត្រូវបានអនុម័តនោះនឹងប៉ះពាល់ដល់សិទ្ធិមនុស្សជាសកល បង្កគ្រោះថ្នាក់ដល់ការរីកចម្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ HIV-AIDS រារាំងដល់វិស័យទេសចរណ៍ និងការវិនិយោគនៅអ៊ូហ្គង់ដា និងប៉ះពាល់ដល់មុខមាត់លើឆាកអន្តរជាតិរបស់អ៊ូហ្គង់ដា។ ប្រសិនបើច្បាប់នេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី នឹងមានរឿងអាក្រក់កើតឡើងជាច្រើនដូចជាការតវ៉ា និងការចាប់ខ្លួនអ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងច្រើន និងផ្ទុះអំពើហិង្សានៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជាដើម៕
អត្ថបទ៖ សុខមាន