បាល់ទាត់៖ ការប្រជែងគ្នាដើម្បីទិញក្លិបបិសាចក្រហម Manchester United កាន់តែក្តៅគគុក ខណៈដែលធនាគារកាតា Sheikh Jassim Bin Hamad Al Thani ត្រលប់មកវិញជាមួយនឹងការដេញថ្លៃលើកទី២ សម្រាប់ក្លិបយក្សអង់គ្លេស។
មហាសេដ្ឋីអង់គ្លេស Jim Ratcliffe ក៏ត្រូវបានគេរំពឹងថានឹងធ្វើការផ្តល់ជូនសំណើជាលើកទី២ ដែរដើម្បីទិញក្លិបអង់គ្លេស ២០សម័យមកគ្រប់គ្រង។ ម្ចាស់ក្លឹប United ដែលជាគ្រួសារ Glazer ត្រូវបានគេរាយការណ៍ថាបានបង្កើតកំណត់ត្រាពិភពលោកតម្លៃ ៦ពាន់លានផោន (៧.៣ពាន់លានដុល្លារ) ក្លិបកីឡាដែលមានតម្លៃថ្លៃបំផុតលើលោក។ ការដេញថ្លៃរបស់ Sheikh Jassim សម្រាប់ការគ្រប់គ្រង ១០០ភាគរយនៃក្លឹបសន្យាថានឹងលុបបំណុល ៦២០លានដុល្លាររបស់ United និងវិនិយោគលើកីឡដ្ឋានថ្មី និងកន្លែងហ្វឹកហាត់បន្ថែមពីលើការគាំទ្រសម្រាប់ក្រុមបុរស និងក្រុមនារី។
ស្ថាបនិកក្រុមហ៊ុន INEOS លោក Ratcliffe ដែលជាអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United មានសុទិដ្ឋិនិយមក្នុងការវាយតម្លៃរបស់គាត់ ដោយទទូចថាគាត់នឹងមិនបង់ថ្លៃ "ឆោតល្ងង់" ក្នុងការដេញថ្លៃសម្រាប់ក្លឹបដ៏ល្បីល្បាញបំផុតមួយនៃកីឡាបាល់ទាត់នោះទេ។ Manchester United ដែលកំពុងដឹកនាំដោយ Erik ten Hag កំពុងឈរនៅលេខរៀងទី ៣ នៅ Premier League ឈានដល់វគ្គ ៨ក្រុមចុងក្រោយ UEFA Europa League និងជាម្ចាស់ពាន Carabao Cup ផងដែរ៕
អត្ថបទ៖នាង សុភាវុធ