បាល់ទាត់៖ អតីតខ្សែបម្រើក្រុមជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil បានសម្រេចចិត្តចូលនិវត្តន៍ហើយនៅក្នុងវ័យ ៣៤ឆ្នាំ។ អតីតកីឡាកររបស់ Arsenal និង Real Madrid រូបនេះគឺជាសមាជិកសំខាន់របស់អាល្លឺម៉ង់ដែលឈ្នះជើងឯកពិភពលោក ២០១៤ នៅប្រេស៊ីល។
Ozil បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីឆ្នាំ២០១៨ ក្រោយវិវាទពាក់ព័ន្ធនឹងរឿងនយោបាយដោយសារតែរូបភាពសន្លឹកថតជាមួយប្រធានាធិបតីទួកគី Tayyip Erdogan និងក្រោយមកបានទទួលរងការរិះគន់ខ្លាំង។ Ozil បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា រយៈពេល ១៧ឆ្នាំកន្លងមកគេសូមអរគុណចំពោះការគាំទ្រ ចំពោះការលើកទឹកចិត្តរាល់បញ្ហាដែលកើតមាន តែរបួសញាំញីមួយរយៈចុងក្រោយជាដើមទងដែលឈានដល់ការសម្រេចចិត្តចូលនិវត្តន៍នេះ។ Mesut Ozil បានបង្ហាញខ្លួនសរុបឱ្យក្លិប និងក្រុមជម្រើសជាតិ ៦៤៥ប្រកួតរកបាន ១១៤គ្រាប់ និងបោះបញ្ជូន ២២២លើក។
ចាប់ផ្តើមអាជីពបាល់ទាត់ដំបូង Ozil ផ្តើមជាមួយ Schalke 04 មុនពេលផ្លាស់ទៅកាន់ Werder Bremen។ ទំរង់លេងល្អនៅទីនោះធ្វើឱ្យ Ozil ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាល្លឺម៉ង់នៅឆ្នាំ២០០៥ និងឈានដល់ការបង្ហាញខ្លួននៅ World Cup 2010 អាហ្វ្រិកខាងត្បូងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឆ្នាំ២០១៣ Ozil បានផ្លាស់ទៅកាន់ English Premier League ជាមួយក្រុមកាំភ្លើងធំ Arsenal លើកពាន FA Cup ម្តង និងស៊ុតបញ្ចូលទីនៅ Premier League បាន ៣៣គ្រាប់ និង ៥៩បាល់បញ្ជូន។ Ozil បានផ្លាស់ទៅកាន់ Fenerbahce នៅឆ្នាំ២០២១ ក្រោយ Arsenal រំលាយកិច្ចសន្យា មុនពេលផ្លាស់ទៅកាន់ Istanbul Basaksehir ជាក្លិបចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ