បារាំង៖ ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខបារាំងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣មីនា នៅក្នុងអំពើហិង្សាផ្សេងៗគ្នាជាច្រើននៃបដិវត្តន៍រយៈពេល ៣ខែប្រឆាំងច្បាប់កំណែទម្រង់ដ៏ចម្រូងចម្រាសបំផុតរបស់លោកប្រធានាធិបតី Emmanuel Macron។

រដ្ឋាភិបាលបាននិយាយថា នគរបាលរាប់សិបនាក់បានរងរបួស និងក្រុមអ្នកតវ៉ារាប់សិបនាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ខណៈការតវ៉ារយៈពេលមួយថ្ងៃបានក្លាយជាអំពើហិង្សា នៅក្នុងទីក្រុងមួយចំនួនរួមទាំងទីក្រុងប៉ារីស ជាទីដែលក្រុមអ្នកតវ៉ាបានដុតបំពួកភ្លើងនៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។ ការងើបប្រឆាំងកំណែទម្រង់ ដែលរដ្ឋាភិបាលបានរុញហួសដោយគ្មានការបោះឆ្នោតនៅសភា បានក្លាយជាវិបត្តិក្នុងស្រុកដ៏ធំបំផុតក្នុងការកាន់តំណែងអាណត្តិទី២ របស់លោក Macron។

ភាពរំជើបរំជួលនេះក៏នឹងគ្របដណ្ដប់លើដំណើរទស្សនកិច្ចនៅសប្ដាហ៍ក្រោយ ទៅកាន់ប្រទេសបារាំងពីសំណាក់ព្រះមហាក្សត្រ Charles III របស់ចក្រភពអង់គ្លេសផងដែរ។ ចំនួនការតវ៉ានៅក្នុងទីក្រុងប៉ារីស និងទីក្រុងផ្សេងទៀតមានច្រើនជាងការតវ៉ាកាលពីកន្លងទៅ ដែលការតវ៉ាថ្មីៗទាំងនោះបានផ្ទុះឡើងយ៉ាងកក្រើក ក្រោយការបដិសេធដកកំណែទម្រង់របស់លោក Macron ក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃពុធ៕
អត្ថបទ៖ សុខមាន