ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់អនុសាសន៍ឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិលើកវិស័យកសិកម្ម និងនេសាទរវាងប្រទេសកម្ពុជា និងដូមីនីក។
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រនិងផ្តល់អនុសាសន៍បែបនេះក្នុងពេលអនុញ្ញាតឱ្យឯកឧត្តម Henderson រដ្ឋមន្ត្រីក្រសួងធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល ប្រទេសដូមីនីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ឯកឧត្តម Henderson បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីជាពិសេសតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។
ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងទិដ្ឋាការដែលសម្ដេចតេជោបានចាត់ទុកថា នេះគឺជាការចាប់ផ្ដើមដ៏ល្អសម្រាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេច បានស្វាគមន៍ចំពោះបំណងរបស់ឯកឧត្តម Henderson ក្នុងការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងនេសាទ។
សម្ដេច ក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម Henderson ពិនិត្យមើលទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដែលអាចធ្វើទៅបានដូចជាវិស័យទេសចរណ៍ជាដើម៕