ព្រះវិហារ៖ នៅព្រឹកថ្ងៃ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី ស្ថិតនៅប្រាសាទត្បែងគង ភូមិរលំឡឡែង ឃុំរណ្សសិរស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានការអញ្ជើញចូលរួមពីកងកម្លាំងទាហាន សមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងថា នេះជាគំនិតផ្តួចផ្តើម របស់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលកសាងដោយឯកឧត្តម និងលោកជំទាវផ្ទាល់ រួមទាំងសប្បុរជន មានជីកស្រះទឹក ធ្វើផ្លូវចូលព្រះវិហារ ដែលត្រូវចំណាយថវិកាទាំងអស់ជិត ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
ក្នុងនាមឯកឧត្តមផ្ទាល់ក៏សូមអំពាវនាវចំពោះឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក-លោកស្រី និងសប្បុរសជនជិតឆ្ងាយសូមមេត្តា ចូលរួមសាមគ្គីកសាង ចាប់មគ្គផល ជួយគ្នាទុកសម្រាប់កូនចៅទៅថ្ងៃមុខ។
ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងថា ព្រះវិហារថ្មីនេះចាប់ផ្តើមសាងសង់ បន្ទាប់ពីពិធីបញ្ចុះបឋមសិលា ហើយនឹងក្លាយជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋ និងទុកជាសម្បត្តិជាតិ និងបានឆ្លុះបញ្ចាំងឱ្យឃើញថា ឃុំរណ្សសិរស្រុកសង្គមថ្មី មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចម្រើន លុះត្រាតែក្នុង ប្រទេសនោះមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខ សន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះសុខសន្តិភាពជាកត្តាចម្បង ក្នុងការអភិវឌ្ឍប្រទេស ។
ឯកឧត្តមក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជាយើងឱ្យ នៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅយើងទំាងអស់គ្នា៕ អត្ថបទ ៖ សាវី













