សិង្ហបុរី ៖ នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក Lee Hsien Loong បាននិយាយលើកឡើងកាលពីថ្ងៃសុក្រ ទី២៤ខែ មីនា ថា ពិភពលោកទាំងមូលចាំបាច់ត្រូវទទួលស្គាល់ថា ប្រទេសចិននាពេលបច្ចុប្បន្ននេះ ពុំមែនជាអ្វីដូចប្រទេសចិនពីមុននោះទេ ហើយទទួលយកថាបច្ចុប្បន្នប្រទេសនេះ មានតួនាទីកាន់តែធំនៅលើឆាកពិភពលោក។ លោកបាននិយាយបន្ថែមថា កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលពីភាគីទាំងពីរ គឺចាំបាច់ ព្រោះថាពិភពលោកមិនអាចទប់ទល់បញ្ហាជម្លោះ ជាពិសេសរវាងប្រទេសចិន និងសហរដ្ឋអាមេ រិក។ លោកនាយករដ្ឋមន្ត្រី បាននិយាយអំពីទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងប្រទេសផ្សេងទៀត រួមមានទាំងប្រទេសសិង្ហបុរី នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍កណ្តាលរដ្ឋចិន (CCTV) សម្រាប់កម្មវិធី Leaders Talk ដែលចាក់ផ្សាយនៅម៉ោង ៩.៣០នាទី យប់ថ្ងៃសុក្រ ម៉ោងក្នុងតំបន់។ នៅក្នុងការថ្លែងក្នុងបទសម្ភាសន៍ពេញលេញ ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី លោក Lee បាននិយាយថា ប្រទេសចិន ក៏ត្រូវតែពិចារណាឡើងវិញផងដែរនូវការរៀបចំ នានាដែលខ្លួនបានធ្វើ នៅពេលដែលខ្លួនជាប្រទេសមានសេដ្ឋកិច្ចតូចជាងនេះ ហើយកំណត់ឡើងវិញនូវជំហរផ្ទាល់របស់ខ្លួន។ អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ CCTV បានសួរអំពី ថាតើការកើនឡើងរបស់ប្រទេសចិន អាចជួយឲ្យមានភាពប្រសើរជាងមុននៅទូទាំងពិភពលោកដែរឬទេ ដែលបានធ្វើឲ្យប្រទេសមួយចំនួនមានប្រតិកម្មខុសៗគ្នា ដោយខ្លះយល់ថាជាការគំរាមកំហែង។ ដោយលើកឡើងពីការកើនឡើងរបស់ប្រទេសចិនដែលមានពី ២ ទៅ ៣ ភាគរយនៃពាណិជ្ជកម្មពិភពលោករហូតដល់ ១៥ ទៅ ២០ ភាគរយនាពេលបច្ចុប្បន្ន លោក Lee និយាយថា តាមទស្សនៈដែលមិនលំអៀង វាជាការល្អប្រសើរដែលប្រជាជន ១.៤ ពាន់លាននាក់មានជីវិតកាន់តែប្រសើរនាពេលបច្ចុប្បន្ននេះ។ លោកនិយាយថា ប្រទេសចិនមានភាពរីកចម្រើនកាន់តែខ្លាំង ដោយមានការចូលរួមចំណែកកាន់តែច្រើនដល់សេដ្ឋកិច្ចពិភពលោក និងសំឡេងកាន់តែច្រើនជាងមុននៅក្នុងកិច្ចការអន្តរជាតិ។

