ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦របស់ខ្លួន នាថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង រៀបវារៈចំនួនពីរផ្សេងទៀតផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការរដ្ឋសភានៃកម្ពុជា បានឲ្យដឹងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះ បានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ដោយមានរបៀបវារៈចំនួន០៣មាន៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតី ភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា៕អត្ថបទ៖ បាន ចក់





