បាល់បោះ៖ កីឡាករអាមេរិក LeBron James បានវិលពីសម្រាកព្យាបាលរបួសដែលបានអវត្តមានអស់ ១៣ប្រកួត តែត្រលប់មកវិញមិនអាចជួយ Los Angeles Lakers គេចពីបរាជ័យបានឡើយ ក្រោយចាញ់ក្រោមស្នាដៃ Chicago Bulls ១១៨-១០៨។

កីឡាករវ័យ ៣៨ឆ្នាំរូបនេះបោះបាន ១៩ពិន្ទុ និងបានបញ្ជាក់ថាខ្លួនមានបញ្ហារបួសជើងខាងស្តាំ។ កីឡាករ Zach LaVine បោះបាន ៣២ពិន្ទុក្នុងជ័យជំនះលើកទី៧ របស់ Chicago Bulls ក្នុង ៩ ប្រកួតចុងក្រោយ។ បរាជ័យនេះធ្វើឱ្យ LA Lakers ធ្លាក់ទៅលេខ ៩ នៅភាគខាងលិច ស្របពេលរដូវកាលវិលជុំនឹងបញ្ចប់នៅ ៧ ប្រកួតទៀតប៉ុណ្ណោះ ស្របពេលដែល Chicago Bulls នៅឈរលេខ ១០ នៅភាគខាងកើត។ ងាកមកការប្រកួតផ្សេងទៀត Cleveland Cavaliers បានយកឈ្នះ Houston Rockets ១០៨-៩១ ធានាកៅអីនៅវគ្គ Play-Off NBA លើកដំបូងតាំងពី LeBron James ចាកចេញ។ Jarrett Allen បោះបាន ២៤ ពិន្ទុ ១៤បាល់រីបោន ស្របពេលដែល Donovan Mitchell បោះបាន ២២ ពិន្ទុផងដែរសម្រាប់ Cleveland។
ចំណែកឯក្រុមការពារតំណែងជើងឯក Golden State Warriors បានរងបរជ័យក្រោមស្នាដៃ Minnesota Timberwolves ដោយលទ្ធផល ៩៩-៩៦ យ៉ាងតានតឹង។ Karl-Anthony Towns បោះបាន ១៤ ពិន្ទុ ៥ បាល់រីបោនសម្រាប់ Timberwolves ក្នុងការចូលលេងដំបូងតាំងពីអវត្តមានអស់ ៥២ ប្រកួតដោយសាររបួស។ Warriors ក៏មានឱកាសតាមនៅចុងម៉ោងដែរតែ Stephen Curry មិនអាចសម្រេចបាន ធ្វើឱ្យ Golden State បញ្ចប់ស្ថិតិឈ្នះ ៩ ប្រកួតជាប់គ្នា។ ក្រុមទាំងពីរ Golden State និង Minnesota កំពុងឈរចំណាត់ថ្នាក់លេខ ៦ និងលេខ ៧ នៅភាគខាងលិចជាមួយគ្នាប្រកួតឈ្នះ ៣៩ ចាញ់ ៣៧ ដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ