ព្រះសីហនុ៖ លោក MAKI TAKAYUKI មេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតិឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ការចូលចតរបស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ ក្នុងគោលបំណងបណ្តុះបណ្តាលដល់នាវិកថ្មីរបស់នាវាស្វ័យការពារជប៉ុន ក្នុងបេសកម្មលើផ្ទៃសមុទ្រ ដើម្បីហ្វឹកហ្វឺនដល់នាយទាហានសកម្មថ្មី។
លោក MAKI TAKAYUKI បានបញ្ជាក់បែបនេះ ក្នុងឱកាសចូលជួប ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
លោកមេបញ្ជាការនាវា បានអរគុណរដ្ឋបាលខេត្តព្រះសីហនុ សម្របសម្រួលសម្រាប់ការចូលចតនាវាជប៉ុននៅខេត្តព្រះសីហនុនាពេលនេះ និងជាខួបការទូតលើកទី៧០ នៃចំណងសាមគ្គីភាព មិត្តភាពចំណងការទូតនៃប្រទេសយើងទាំងពីរ។ ដំណើរកម្សាន្តរបស់នាវិកនៅខេត្តព្រះសីហនុ ពួកគាត់នឹងបានរៀនសូត្រកាន់តែច្រើនបន្ថែមទៀត ហើយការស្នាក់របស់នាវិករបស់នាវានៅខេត្តព្រះសីហនុ មានរយៈពេល ២យប់ ៣ថ្ងៃ យើងនឹងត្រៀមថាមពលសម្រាប់ធ្វើដំណើរចាកចេញពីកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍មេបញ្ជាការនាវា និងសហការី ជាលើកទី២ ខែនេះឆ្នាំមុន ក៏ជាខួបទី៣០ឆ្នាំ នៃការចេញធ្វើប្រតិបត្តិការនៅកម្ពុជាជាលើកដំបូង នៃនាវាកងស្វ័យការពាជប៉ុន ២ គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលជួបសវនាការផងដែរ។
ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ជប៉ុនមានចំណងកាទូតជាមួយកម្ពុជាកាន់តែល្អប្រសើរ ធានាបាននូវសន្តិសុខលម្ហសមុទ្រផងដែរ។ កងនាវាស្វ័យការពាជប៉ុនបានរួមចំណែកការពារដែនសមុទ្រនៅលើពិភពលោក គឺពិតជាមានមោទនភាព ដែលបានឃើញការធ្វើទំនើបកម្មរបស់កងនាវាស្វ័យការពារកងទ័ពជប៉ុន ក្នុងការរក្សាអធិបតេយ្យភាពប្រទេសបានល្អប្រសើរកម្ពុជា ទើបតែចាប់ផ្តើមធ្វើទំនើបកម្មខាងវិស័យយោធាតែកម្ពុជារងការរិះគន់ពីសំណាក់មតិមួយចំនួន ហើយការធ្វើទំនើបកម្មរបស់ជប៉ុន ត្រូវបានអបអរសាទ។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា តាមរយៈការមកដល់របស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ និងផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា ទន្ទឹមនោះឯកឧត្តមក៏បានថ្លែងអំណរគុណប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ប្រជាជនជប៉ុន បានជួយឧប្តម្ភគាំទ្រដល់កម្ពុជាសម្រាប់ខេត្តព្រះសីហនុ ទទួលបានផលប្រយោជន៍ពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនជាច្រើន ហើយអ្វីដែលយើងទទួលបានស្ទើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល សេដ្ឋកិច្ចមានទំហំធំធេង៕ដោយ ៖ ដារា






