ស៊ីហ្គេម៖ ក្នុងកិច្ចប្រជុំចុងក្រោយរបស់គណៈកម្មការសម្របសម្រួល នៃសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) និងគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំបីថ្ងៃនេះ ម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមកម្ពុជាជម្រាបជូនអំពីភាពលម្អិតនៃព័ត៌មាននានា ក៏ដូចជាបានបង្ហាញពីវឌ្ឍនភាពការងារថា កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចហើយ ទាំងការត្រៀមទទួលបដិសណ្ឋារកិច្ច ដឹកជញ្ជូន ហូបចុក ស្នាក់នៅជាដើម។
ឯកឧត្តមបន្តថា សម្រាប់នៅថ្ងៃទី២៩ ខែមីនានេះមានកិច្ចប្រជុំបច្ចេកទេសអន្តរជាតិ ជាមួយគណៈកម្មការជំនាញនៃ CAMAPGOC ចុងក្រោយផងដែរ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រលម្អិតស្តីពីការប្រកួតតែម្តង។ ដោយឡែកនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានកិច្ចប្រជុំនាយបេសកកម្មនៃប្រទេសអាស៊ានទាំងអស់ដោយ CAMAPGOC និង APSF បញ្ជាក់ជូនដល់ប្រតិភូកីឡាអាស៊ាន អំពីការត្រៀមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងជាផ្លូវការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ អគ្គលេខាធិការរង CAMAPGOC លើកឡើងដែរ អ្វីដែលជាឆន្ទៈរបស់កម្ពុជាតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺថាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ។ ដូច្នេះកម្ពុជានឹងបើកបេះដូងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនដល់ប្រតិភូកីឡាអាស៊ាន ភ្ញៀវអន្តរជាតិទាំងអស់ប្រកបដោយទឹកមុខញញឹមរីករាយ ស្វាហាប់ ដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រជាជនខ្មែរ រួមទាំងអ្នកស្ម័គ្រចិត្ត គណៈកម្មការបច្ចេកទេស និងថ្នាក់ដឹកនាំយើងទាំងអស់គ្នា។
«ដូច្នេះមិនមានអ្វីទាស់ទៀតទេ ក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិប្រកបដោយភាពកក់ក្តៅ។ យើងទាំងអស់គ្នាយល់ថា ក្រោយវិលត្រឡប់ទៅវិញ ប្រតិភូកីឡាអាស៊ានទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងភ្ញៀវអន្តរជាតិនឹងនាំយកទៅជាមួយនឹងការផ្សព្វផ្សាយពីកម្ពុជា ហើយកម្ពុជានឹងបង្កើនបានភ្ញៀវទេសចរ ក្រោយព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រទាំងពីរនេះ។ កម្ពុជានឹងត្រូវបានពាំនាំនូវសំឡេងនៃការអភិវឌ្ឍ និងសន្តិភាពទៅកាន់ពិភពលោក។ សូមជម្រាបជូនថា កីឡាដាក់ឲ្យប្រកួតក្នុងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មានចំនួនសរុប ១៤ប្រភេទកីឡា បូករួមទាំងកីឡាបង្ហាញមួយប្រភេទ ខណៈការចុះឈ្មោះអត្តពលិកប៉ារ៉ាបានជាង ៥០០នាក់ហើយៗចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត ដោយការចុះឈ្មោះនៅបន្តនៅឡើយ៕