ភ្នំពេញ៖ ភ្ញៀវនៅតាមមូលដ្ឋានអាជីវកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញ បន្តចូលរួមបត់រូបបេះដូងក្រដាស ដើម្បីបំផុសស្មារតី ប្រជាពលរដ្ឋខ្មែរផ្តល់កម្លាំងចិត្តទៅដល់កីឡាករប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងចង់ចូលរួមបំបែកកំណត់ត្រាពិភពលោក។
បើតាមតំណាងម្ចាស់ហាងកាហ្វេប្រោន សាខាបឹងកេងកង បានប្រាប់ BTV នៅថ្ងៃទី១ ខែមេសានេះថា រហូតមកដល់ពេលនេះនៅមានភ្ញៀវមួយចំនួនបន្តរកសួរក្រដាសបត់បេះដូងដាក់ក្នុងហឹប ដែលសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ផ្តល់ឲ្យដើម្បីលើកទឹកចិត្តកីឡាករកីឡាការិនីប្រកួតកីឡា SEA GAMES ខណៈនៅថ្ងៃទី២ ខែមេសានេះ ហាងកាហ្វេប្រោននឹងប្រមូលគ្រប់ហឹបបត់រូបបេះដូងពីគ្រប់សាខាទាំងអស់បញ្ជូនទៅឲ្យស.ស.យ.ក រាជធានីទាំងអស់។ សូមបញ្ជាក់ថា បើតាមការឲ្យដឹងពីលោក ពិន សុវណ្ណារិទ្ធ អនុប្រធានលេខាធិការដ្ឋាន ស.ស.យ.ក.រាជធានីភ្នំពេញបានថ្លែងថា នៅពេលនេះសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កំពុងមមាញឹករៀបចំបេះដូងដែលបត់រួចជាច្រើន បញ្ចូលក្នុងចង្កាក់តែមួយ បន្ទាប់មកនឹងបញ្ជូនទៅទីស្នាក់ការកណ្តាលសភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោក។
លោកបន្តថា តាមការគ្រោងទុកការបត់បេះដូងតែមួយពីក្រដាសនេះ នឹងបញ្ចប់នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្រេចបង្កើត BeyondTheGames ដែលជាយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួត។ ក្នុងយុទ្ធនាការនេះគឺបានបង្ហាញការប្តេជ្ញាចិត្តថា ពលរដ្ឋខ្មែរនឹងរួមគ្នាបត់បេះដូងក្រដាសឲ្យបានមួយលាន ពោលគឺច្រើនជាងគេបង្អស់ក្នុងពិភពលោក ដើម្បីបំបែកកំណត់ត្រាពិភពលោក ហើយកម្មវិធីបំបែកកំណត់ត្រានេះគ្រោងនឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាថ្ងៃទី១២ ខែមេសាខាងមុខ៕ អត្ថបទ៖ ស៊ុម សុខជា