ឥណ្ឌា៖ ខណៈមន្ទីរពេទ្យនានានៅក្នុងប្រទេសឥណ្ឌា កំពុងជួបប្រទះកង្វះខាតផ្គត់ផ្គង់អុកស៊ីសែន មានអ្នកជំងឺ COVID-19 កាន់តែច្រើនបានស្លាប់ដោយសារកង្វះសម្ភារៈសង្គ្រោះ។ កាលពីថ្ងៃអាទិត្យ ប្រទេសឥណ្ឌាបានកត់ការធ្លាក់ចុះបន្តិច នៃការឆ្លងថ្មីដោយមានចំនួន ៣៩២.៤៨៨នាក់ ពីចំនួនខ្ពស់បំផុត ៤០១.៩៩៣នាក់ក្នុងរយៈពេល ២៤ម៉ោងមុន។
ប្រទេសនេះក៏បានរាយការណ៍ផងដែរថា មានអ្នកស្លាប់ចំនួន ៣.៦៨៩នាក់បន្ថែមទៀត ដែលនាំឲ្យអ្នកស្លាប់សរុបចំនួន ២១៥.៥៤២នាក់។ ប្រធានមន្ទីរពេទ្យ Batra Hospital បាននិយាយថា អ្នកជំងឺ COVID-19 ចំនួន ១២នាក់ រួមទាំងវេជ្ជបណ្ឌិតម្នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ នៅមន្ទីរពេទ្យមួយក្នុងទីក្រុង New Delhi បន្ទាប់ពីអស់បរិមាណផ្គត់ផ្គង់អុកស៊ីសែនរយៈពេល ៨០នាទី។ កាសែត Times of India បានរាយការណ៍ថា មានមនុស្សស្លាប់ ១៦នាក់ផ្សេងទៀតនៅក្នុងមន្ទីរពេទ្យចំនួន ២ នៅរដ្ឋ Andhra Pradesh ភាគខាងត្បូង និង ៦នាក់ទៀតនៅមន្ទីរពេទ្យ Gurgaon ជាយក្រុង New Delhi ដោយសារតែកង្វះអុកស៊ីសែន។
រដ្ឋខ្លះបាននិយាយរួចហើយថា ពួកគេមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាទេ ហើយសូម្បីតែកិច្ចប្រឹងប្រែងដែលកំពុងបន្ត ដើម្បីចាក់ជូនប្រជាជនអាយុលើសពី ៤៥ឆ្នាំក៏កំពុងអស់ដែរ។ នៅទីក្រុង New Delhi យ៉ាងហោចណាស់មានមណ្ឌលចាក់វ៉ាក់សាំងមួយ ត្រូវបានគេមើលឃើញថាអស់ស្តុកវ៉ាក់សាំងបង្ការជំងឺ COVID-19៕
អត្ថបទ៖ សុខមាន