ភ្នំពេញ ៖ ឯកឧត្ដម សុខ ដារ៉ា អគ្គលេខាធិការ នៃនិយ័តករបរធនបាលកិច្ច កម្ពុជា បានឱ្យដឹងថា វិស័យបរធនបាលកិច្ចកម្ពុជាមានកំណើនខ្ពស់រហូតដល់ ៩៤០ដុល្លារអាមេរិកក្នុងដើមឆ្នាំ ២០២៣នេះ ហើយរំពឹងថា នឹងកើនឡើងខ្ពស់ជាង ១ពាន់លានដុល្លារអាមេរិកនាចុងឆ្នាំ២០២៣នេះ។
ឯកឧត្ដម សុខ ដារ៉ា បានថ្លែងឱ្យដឹងបែបនេះ ក្នុងឱកាសចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បរធនបាលកិច្ច៖ យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ» ដើម្បីបញ្ជ្រាបការយល់ដឹង ជូនដល់សិស្ស និស្សិត និង អ្នកសារព័ត៌មាន នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្ដមថ្លែងថាកត្តាដែលធ្វើឱ្យមានកំណើនខ្ពស់នៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា រីកច្រើនបានឆាប់រហ័សក្នុងរយៈពេលខ្លីបែបនេះ គឺបណ្ដាលមកពីកត្តាស្ថានភាពនៃប្រទេសកម្ពុជាទាំងមូលដែលមាន សន្ដិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងទទួលបាននូវទំនុកចិត្តពីវិនិយោគិនបរទេស។
គួរបញ្ជាក់ថា និយ័តករបរធនបាលកិច្ច មានចក្ខុវិស័យ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការបង្កើនការវិនិយោគក្នុងស្រុកដែលជាប្រភពនៃការបន្ថែមចំណូលពន្ធជាតិ, ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងផ្ដល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងនូវលំហូរទុនលើគ្រប់វិស័យ ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា សំដៅទាក់ទាញទំនុកចិត្តបន្ថែមពីដៃតួអភិវឌ្ឍនានា និងឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា