បាល់ទាត់៖ លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ ចង់ឃើញវិនិយោគិនជប៉ុនដាក់ទុនវិនិយោគកាន់តែច្រើននៅប្រទេសកម្ពុជា ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍកម្ពុជាឲ្យរីកចម្រើនកាន់តែឆាប់រហ័ស ជាជាងការពោលពាក្យថា ស្រលាញ់ប្រទេសកម្ពុជាតែមួយមុខ។
ការលើកឡើងរបស់បុរសជនជាតិជប៉ុនដែលរកស៊ីនៅកម្ពុជារូបនេះ ស្របពេលឆ្នាំ២០២៣ គឺជាខួប ៧០ឆ្នាំនៃទំនាក់ទំនងកាទូតរវាងប្រទេសកម្ពុជា និងជប៉ុន។ លោកថា ៧០ឆ្នាំមកនេះទំនាក់ទំនងរវាងប្រទេសទាំងពីរពិតជាល្អមែនទែន។ តែក្នុងនាមពលរដ្ឋជប៉ុន លោកចង់ឃើញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ដើម្បីជំរុញមិត្តភាពកាន់តែស្អិតរមួត ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។ គួរដឹងថា ក្រៅពីមានមុខជំនួញនៅកម្ពុជា លោក Akihiro Kato បានបង្កើតក្លិបបាល់ទាត់មួយដែលបច្ចុប្បន្នមានមូលដ្ឋាននៅខេត្ដសៀមរាប។ ដើម្បីរួមចំណែកការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ក្នុងពេលដ៏ខ្លីខាងមុខនេះលោកនឹងសហការជាមួយវិនិយោគិនជប៉ុនផ្សេងៗទៀត ដើម្បីសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិមួយលើផ្ទៃដីប្រមាណ ៥ហិកតានៅជាយក្រុងសៀមរាប។
សូមរំលឹកថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ មុនប្ដូរមូលដ្ឋានទៅខេត្តសៀមរាបនៅឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ដោយប្រើប្រាស់កីឡដ្ឋានមួយចំនួនបម្រើឲ្យការប្រកួតរបស់ខ្លួន មុនក្លិបប្រកាសត្រៀមសាងសង់កីឡដ្ឋានផ្ទាល់ខ្លួននាពេលឆាប់ៗខាងមុខ។ នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រនៅខេត្តសៀមរាប តែលោក Akihiro Kato ពុំទាន់បញ្ជាក់លម្អិតពីទីតាំងត្រូវសាងសង់នោះទេ ដោយគ្រាន់តែអះអាងថាធ្វើដំណើរប្រមាណ ១៥នាទីប៉ុណ្ណោះពីកណ្ដាលក្រុងសៀមរាប៕
អត្ថបទ៖ លី ឈុនឡា