UN៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ក្នុងការបន្តអាណត្តិរបស់ស្ថាប័នស៊ើបអង្កេត ដែលកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

ប្រទេសចំនួន ២៨ បានបោះឆ្នោតគាំទ្រដល់ការបន្តអាណត្តិ របស់គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យ លើសង្គ្រាមនៅអ៊ុយក្រែនក្នុងរយៈពេលមួយឆ្នាំមកនេះ ហើយការបោះឆ្នោតមានអនុប្បវាទចំនួន ១៧ និង ២ប្រទេសបានបោះឆ្នោតមិនយល់ព្រមនឹងស្ថាប័ននេះ ដែលអ៊ុយក្រែននិយាយថា មានសារៈសំខាន់សម្រាប់ធ្វើឲ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោកស្រី Yevheniia Filipenko បានថ្លែងទៅកាន់ក្រុមប្រឹក្សាមុនការបោះឆ្នោតថា វិសាលភាព និងភាពឃោរឃៅរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺហួសពីការយល់ឃើញរបស់មនុស្ស។
យើងជឿជាក់យ៉ាងមុតមាំថា ការបន្តការងាររបស់គណៈកម្មការក្នុងការស៊ើបអង្កេតបន្ថែម ការចងក្រងឯកសារ និងការរាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មអន្តរជាតិដែលបានប្រព្រឹត្តមកលើប្រជាជនអ៊ុយក្រែន អាចជួយសង្គ្រោះជីវិតមនុស្សស្លូតត្រង់បន្ថែមទៀត ហើយអាចរួមចំណែកដល់ការទទួលខុសត្រូវចំពោះអ្នកប្រព្រឹត្ត និងយុត្តិធម៌សម្រាប់ជនរងគ្រោះ។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមុន គណៈកម្មាការបានរកឃើញថា ឧក្រិដ្ឋកម្មប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន រួមទាំងការប្រើប្រាស់ទារុណកម្ម និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស អាចបង្កើតជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕
អត្ថបទ៖ ប៊ុនថន