ឥណ្ឌា៖ សាក្សីមួយរូបបាននិយាយថា ភ្ញៀវទេសចរពុំបានស្តាប់ការព្រមានរបស់ក្រុមនគរបាលនោះឡើយ ក្រោយបំណាក់ផ្ទាំងទឹកកកសម្លាប់មនុស្ស ៧នាក់នៅរដ្ឋ Sikkim ស្ថិតក្នុងតំបន់ភ្នំហិម៉ាឡៃ ប្រទេសឥណ្ឌា។

កងទ័ពនិយាយថា មនុស្សយ៉ាងហោច ២០នាក់ត្រូវបានជួយសង្គ្រោះជីវិត បន្ទាប់ពីរថយន្តជាច្រើនគ្រឿងដឹកភ្ញៀវទេសចរទៅកាន់ច្រកភ្នំ Nathu La ស្ថិតនៅចន្លោះរដ្ឋ Sikkim និងតំបន់ទីបេត៍ ត្រូវផ្ទាំងទឹកកកសង្កត់លើ។ ក្រុមជួយសង្គ្រោះបានប្រើប៉ែលជីកព្រិល ហើយគ្រឿងចក្ររុញសម្អាតព្រិលសល់ពីបំណាក់ផ្ទាំងទឹកកក។ លោក Chewang Gyatso Bhutia អ្នកបើកបរមួយរូបបានឃើញផ្ទាល់ភ្នែកហេតុការណ៍បំណាក់ផ្ទាំងទឹកកកនេះនិយាយថា ភ្ញៀវទេសចរយ៉ាងណាស់ ៥០នាក់ពុំបានអើពើនឹងការព្រមាននោះឡើយ ហើយពួកគេនៅតែបន្តដំណើរទៅមុខ ភ្លាមៗនោះបំណាក់ផ្ទាំងទឹកកកក៏បានបាក់សង្កត់លើអ្នករាល់គ្នា។
ភ្ញៀវទេសចរទាំងអស់បានកប់ក្រោមផ្ទាំងទឹកកកយ៉ាងហោចរយៈពេល ១ម៉ោង មុនពេលអ្នកស្រុក អ្នកបើកបរ ក្រុមនគរបាល និងមន្ត្រីសន្តិសុខជួយសង្គ្រោះជីវិតរបស់ពួកគេបានមួយចំនួន។ កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃអង្គារ៕
អត្ថបទ៖ សារ៉ាត់