ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាម៉េរិក ពីលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
ខណៈជូបសំណេះសំណាលនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០១រៀងមក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ សរុបជាថវិកាប្រមាណជិត៦លានដុល្លារអាម៉េរិក ហើយដែលក្នុងនោះថវិកាចំនួន១លាន២សែនដុល្លារអាម៉េរិក គឺបានឧបត្ថម្ភជូន កាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានដល់ក្នុងពេលឆាប់ៗខាងមុខនេះដែរ លោកជំទាវកិត្តិបណ្ឌិត ក៏បានជូនពរដល់លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ក៏ដូចជាថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុនជីបម៉ុង ទាំងអស់ សូមមានសុខភាពល្អ មានការគាំទ្រពីអតិថិជនកាន់តែច្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនេះអ្នកឧកញ៉ា ក៏បានគូសបញ្ជាក់ផងដែរថា ដោយសារកត្តាសុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យក្រុមហ៊ុន មានការរីកចម្រើន ហើយយើងគ្រប់គ្នាមានឱកាសក្នុងការចូលរួមនៅក្នុងសង្គមជាតិប្រកបដោយបរិយាបន្ន។
សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីរបស់ កាកបាទក្រហមកម្ពុជានៅធនាគារ តាមជម្រើសដូចខាងក្រោម ៖
1. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ៖
-គណនីឈ្មោះ ៖ Cambodian Red Cross (កាកបាទក្រហមកម្ពុជា)
-គណនីប្រាក់រៀល 100004348127
-គណនីប្រាក់ដុល្លារអាម៉េរិក 300001709996
2. ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ៖
-គណនីឈ្មោះ ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY
-គណនីប្រាក់រៀល 180 255 333
-គណនីប្រាក់ដុល្លារអាម៉េរិក 180 255 168
3. រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង ៖
-លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ 012 921 105
-លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ 012 810 854
-ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ 017 248 888
អត្ថបទ ៖ សំ ងីម





