ទួរគី៖ ក្រុមអ្នកតវ៉ាជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យបេសកកម្ម របស់ប្រទេសអ៊ីស្រាអែលនៅក្នុងទីក្រុង Ankara និងទីក្រុង Istanbul ប្រទេសទួរគីកាលពីថ្ងៃពុធ ទី៥មេសា ដោយស្រែកពាក្យស្លោកប្រឆាំងនឹងការឆ្មក់ចូលរបស់នគរបាលអ៊ីស្រាអែលនៅវិហារអ៊ីស្លាម Al-Aqsa។

ដោយគ្រវីទង់ជាតិទួរគី និងប៉ាឡេស្ទីន ក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ ដែលបានផ្ទុះឡើងជាថ្មីនៅបរិវេណវិហារ Al-Aqsa ប៉ុន្មានម៉ោងបន្ទាប់ពីការវាយឆ្មក់ដំបូងកាលពីព្រឹកថ្ងៃពុធ។ ក្រុមអ្នកបួងសួងរាប់រយនាក់បានបញ្ឈប់ពិធីស្រាយបួសបុណ្យរ៉ាម៉ាដាន់ ដើម្បីតវ៉ានៅខាងក្រៅវិហារ Fatih របស់ទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីលោកប្រធានាធិបតី Tayyip Erdogan បានថ្កោលទោសការវាយឆ្មក់នេះ ដោយហៅបរិវេណវិហារនោះថាជាបន្ទាត់ក្រហមសម្រាប់ប្រទេសទួរគី។ ឧបទ្ទវហេតុកាលពីដំបូងកើតឡើងដោយសារតែការចាប់ខ្លួន និងការនាំមនុស្សចេញជាង ៣៥០នាក់ដោយនគរបាលអ៊ីស្រាអែល ហើយក្រោយមកការប៉ះទង្គិចគ្នាជាបន្តបន្ទាប់បានផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធ ទោះបីសហរដ្ឋអាមេរិកអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងក៏ដោយ។
ការប្រឈមដាក់គ្នាជាច្រើនអំឡុងខែពិសិដ្ឋបុណ្យ Ramadan របស់ម៉ូស្លីម និងនៅមុនថ្ងៃឈប់សម្រាកពិធីបុណ្យសាសនារបស់ជនជាតិជ្វីស បានបណ្ដាលឲ្យមានការផ្ទុះអាវុធតបតគ្នាឆ្លងព្រំដែននៅក្នុងតំបន់ Gaza និងបានបង្កឲ្យអំពើហិង្សាបន្ថែមទៀត។ ចំណែកនៅក្នុងហ្ស៊កដានីវិញ មនុស្សប្រហែល ៣០០នាក់បានប្រមូលផ្ដុំគ្នានៅព្រះវិហារ Al-Kalouti ជិតស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុងអាម៉ង់ (Amman) កាលពីថ្ងៃពុធ ទី១៥មីនាក្នុងការតវ៉ាទាំងយប់ប្រឆាំងនឹងអំពើហិង្សារបស់អ៊ីស្រាអែល ក្នុងការបះទង្គិចជាមួយជនជាតិប៉ាឡេស្ទីននៅព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ្សេរ៉ុយសាឡឹម៕
អត្ថបទ៖ សុខមាន