
អន្ដរជាតិ៖ រយៈពេល ៣ឆ្នាំ ក្រោយគ្មានភ្លៀងធ្លាក់សត្វចិញ្ចឹមនៅក្នុងភូមិ Kura Kalicha ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសអេត្យូពី បានងាប់អស់។ សាកសពសត្វគោក្របីងាប់រាប់សិបក្បាលនៅរ៉ាយប៉ាយនៅលើដីស្ងួត ហើយសាច់របស់ត្រូវបានគេវះយក។
លោក Jilo Wile គឺជាមន្រ្តីរដ្ឋាភិបាលក្នុងស្រុកមួយរូប មានការព្រួយបារម្ភថា អ្នកភូមិអាចនឹងដល់វេនបន្ទាប់។
លោក Wile ដែលបាត់បង់គោក្របី របស់ខ្លួន ៧៣ក្បាល ក្នុងចំណោមគោក្របី ៧៥ក្បាល ដោយសារតែគ្រោះរាំងស្ងួត និយាយថា ពួកយើងមានមនុស្សជាង ១០០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារតែភាពអត់ឃ្លាន។ ចំនួននេះរួមបញ្ចូលទាំងកុមារ មនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ។
ដូចគ្នានឹងប្រទេសជិតខាងសូម៉ាលី និងកេនយ៉ាដែរ តំបន់ភាគខាងត្បូងអេត្យូពី ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅអាហ្វ្រិខាងកើត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ពុំមានភ្លៀងធ្លាក់ ៥រដូវជាប់ៗគ្នា ហើយរដូវនេះ គេរំពឹងថានឹងពុំមានភ្លៀងធ្លាក់ដូចគ្នា។
ក្រុមអ្នកស្រាវជ្រាវ បាននិយាយកាលពីខែមុនថា នៅក្នុងប្រទេសសូម៉ាលី ដែលរងផលប៉ះពាល់ខ្លាំងជាងគេ មនុស្សប្រមាណជា ៤៣.០០០នាក់ បានស្លាប់ដោយសារតែគ្រោះរាំងស្ងួតកាលពីឆ្នាំមុន។
នៅមិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែគ្រោះរាំងស្ងួតនោះទេ នៅក្នុងតំបន់ Oromiya ជាកន្លែងដែលភូមិ Kura Kalicha ស្ថិតនៅ ឬតំបន់ជិតខាងដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ប៉ុន្តែក្រុមការងារមនុស្សធម៌ និយាយថា វាមិនយូរនោះទេ វាកើតឡើង មនុស្សនឹងត្រូវស្លាប់។
អ្នកស្រុកនិយាយថា ជំនួយមកដល់យឺតខ្លាំងណាស់ ។ រដ្ឋាភិបាលសហព័ន្ធអេត្យូពី និងសារព័ត៌មានរដ្ឋ ទើបតែចាប់ផ្តើមជជែកគ្នា ពីវិបត្តិមួយនេះជាសាធារណៈកាលពីខែមុន ពេលដែលពួកគេចេញសេចក្តីថ្លែងការណ៍។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា មនុស្សជិត ១២លាននាក់ ត្រូវបានគេប៉ាន់ស្មានថា បានជួបអសន្តិសុខស្បៀង នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនៅក្នុងប្រទេសអេត្យូពី៕