បាល់ទាត់៖ ក្រោយដឹងក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូលជាមួយប្រទេសណាខ្លះនោះ កីឡាករខ្សែប្រយុទ្ធអាយុក្រោម ២២ឆ្នាំកម្ពុជា សៀង ចន្ធា បានប្រាប់អ្នកសារព័ត៌មានថា ក្រុមនៅក្នុងពូលជាមួយកម្ពុជាសុទ្ធតែជាក្រុមខ្លាំង មិនអាចមើលស្រាលក្រុមណាមួយបានឡើយ តែអ្វីដែលត្រូវធ្វើគឺឆ្លងផុតពូល ខណៈឥណ្ឌូនេស៊ីជាក្រុមខ្លាំង។

សៀង ចន្ធា ដែលជាកីឡាករក្មេងបំផុតស៊ុតបញ្ចូលទីលឿនបំផុត ក្នុងប្រវត្តិសាស្ត្រស៊ីហ្គេមជាង ៦០ឆ្នាំបន្តឱ្យដឹងថា ក្រុមតែងតែផ្លាស់ប្តូរទម្រង់លេង ដោយសារយើងហ្វឹកហាត់ច្រើនទម្រង់ ហើយគ្រូចង់តេស្តថា តើរបៀបលេងបែបណាទទួលជោគជ័យ។ ចំពោះមុខមិនមានអ្វីជាបញ្ហាសម្រាប់ប្រកួតជាមួយក្រុមក្នុងពូលននោះទេ ព្រោះបានត្រៀមខ្លួនរួចហើយ។ ទាក់ទងនឹងការហ្វឹកហាត់ និងការប្រកួតអន្តរជាតិថ្មីៗនេះ ចន្ធា ក៏បានរំលេចដែរថា មិនមានបញ្ហាអ្វីនោះទេ ដំណើរការដោយរលួន តាមអ្វីដែលគ្រូបង្វឹកចង់បានដោយធ្វើការហ្វឹកហាត់នៅក្រៅប្រទេស ហើយសម្រាប់ការប្រកួតនៅសិង្ហបុរីថ្មីៗនេះកម្រិតប្រហាក់ប្រហែលគ្នា នៅតែមានចំណុចខ្វះខាតត្រូវកែតម្រូវផងដែរ។ ខ្សែប្រយុទ្ធវ័យក្មេងរបស់បឹងកេតរូបនេះក៏បានបង្ហាញក្តីរីករាយ ដែលជាលើកដំបូងកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ហើយសម្រាប់លទ្ធផលបែបណា អតីតយុវជនសាលាបាល់ទាត់ជាតិរូបនេះមិនហ៊ាននិយាយមុននោះទេ។
សូមជម្រាបជូនថា ក្នុងយុទ្ធនាការពីរលើកចុងក្រោយសៀង ចន្ធា រកបានគ្រាប់បាល់ ៤គ្រាប់។ ស៊ីហ្គេម ២០១៩ សៀង ចន្ធា រកបានមួយគ្រាប់ក្នុងការប្រកួតដែលកម្ពុជាឈ្នះទីម័រខាងកើត ៥ទល់០ រកបានគ្រាប់ទី២ ក្នុងការប្រកួតកម្ពុជាឈ្នះម៉ាឡេស៊ី ៣ទល់នឹង១ និងគ្រាប់ទីបីក្នុងការប្រកួតស្មើសហភាពមីយ៉ាន់ម៉ា ២ទល់នឹង២ ហើយបានក្លាយជាកីឡាករក្មេងបំផុតស៊ុតគ្រាប់បញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្រជាង ៦០ឆ្នាំនៃព្រឹត្តិការណ៍ស៊ីហ្គេម។ ចំនែកគ្រាប់ទី៤ របស់ ចន្ធា គឺក្នុងស៊ីហ្គេម ២០២១ ដែលលើកមកលេងនៅឆ្នាំ២០២២ ក្នុងការប្រកួតដែលឈ្នះឡាវ ៤ទល់១។ ឯការប្រកួតពានមិត្តភាពអន្តរជាតិ Merlion Cup នៅសិង្ហបុរីថ្មីៗនេះ សៀង ចន្ធា ក៏រកបានមួយគ្រាប់បាល់ដែរក្នុងការប្រកួតដែលចាញ់ម៉ាឡេស៊ី ២ទល់នឹង៤។ ស៊ីហ្គេម ២០២៣ កម្ពុជា ស្ថិតនៅក្នុងពូលជាមួយឥណ្ឌូនេស៊ី សហភាពមីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត៕