កំពង់ឆ្នាំង៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជំរុញឱ្យសិក្ខាកាមហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីនALISជំនាន់ទី៥ ដែលជាម៉ាស៊ីនរាវមីនវៃឆ្លាត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសស្អាតមីន។
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS ជំនាន់ទី៥ នៅវិទ្យាស្ថានសកម្មភាពកំចាត់មីនខេត្តកំពងឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង រតនា បញ្ជាក់ថា ម៉ាស៊ីនរាវមីនម៉ាកALISជំនាន់ទី៥ ជាម៉ាស៊ីនរាវមីនដ៏ឆ្លាតវៃ និងមានតម្លៃថ្លៃជាងម៉ាម៉ាស៊ីរាវមីនប្រភេទផ្សេងៗទៀត ។ ដូចនេះ សិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គសិក្សានាពេលនេះ ត្រូវបន្តសិក្សាស្វែងយល់ពីវា ឱ្យបានចេះចាំស្ទាត់ជំនាញ ដើម្បីយកចំណេះជំនាញនេះទៅបំរើប្រជាជន និងសង្គមជាតិ។
ឯកឧត្តម ហេង រតនា បានបន្តថា វគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS គឺអង្គភាពស៊ីម៉ាក់ បានសហការណ៌ជាមួយសាកលវិទ្យាល័យ TOHOKU នៃប្រទេសជប៉ុន ដែលមាន Prof. Sato ជាភាគីដៃគូរក្នុងការសិក្សាស្រាវជ្រាវ តាំងពីឆ្នាំ២០០៦ ក្រោមគម្រោងរបស់ JICA.និងបានហ្វឹកហ្វឺនដល់បុគ្គលិកស៊ីម៉ាក់ បានចំនួន២ជំនាន់រួចមកហើយ គឺជំនាន់៣ និងជំនាន់ទី៤។
ការហ្វឹកហ្វឺនសិក្ខាមទាំងពីរជំនាន់ខាងលើនេះ អង្គភាពស៊ីម៉ាក់ក៏បានបង្កើតបានជាក្រុមប្រតិបត្តិការមួយក្រុមឈ្មោះ TSC52 ដែលកំពុងប្រតិបត្តិការក្នុងកងឯភាពកម្ចាត់មីនទី៤។
សិក្ខាកាមទាំងអស់ បានសិក្សាទ្រឹស្តីពីការបង្គុំម៉ាស៊ីនALIS និងការរក្សាទុកម៉ាស៊ីនALIS, សិក្សាពីការប្រើប្រាស់ MD (Metal Detector) និង GPR (Ground Penetrating Radar), សិក្សាពីការវិនិច្ឆ័យ ឬវិភាគ នៃរូបភាពដោយ GPR ក្រោយពីការស្គេន។ សិក្ខាកាមទាំងអស់ត្រូវរៀនអនុវត្តជាក់ស្តែង នៃការប្រើប្រាស់ ម៉ាស៊ីន ALIS នៅលើទីលានអនុវត្ត ដោយប្រើប្រាស់ MD និង GPR។ ចំពោះម៉ាស៊ីនរាវមីនALISជំនាន់ទី៥នេះ ជាម៉ាស៊ីនរាវមីនមានភាពឆ្លាតវៃ និងមានតម្លៃថ្លៃរហូតដល់១គ្រឿង៤ម៉ឺនដុល្លា ខណៈម៉ាស៊ីនរាវមីនដទៃទៀតមានតម្លៃត្រឹមតែ៥ពាន់ដុល្លាក្នុង១គ្រឿង៕





