អាមេរិក៖ ក្រុមអ្នកតវ៉ាច្រើននាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles កាលពីថ្ងៃពុធដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេ ចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-Wen ឆ្លងកាត់សហរដ្ឋអាមេរិក ដោយអំពាវនាវឱ្យអាមេរិកនៅឆ្ងាយពីកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបញ្ឈប់ការបង្កគ្រោះថ្នាក់ដល់សន្តិភាព។

លោកស្រី Tsai នៅថ្ងៃដដែលនោះបានជួបជាមួយប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy ជាមន្ត្រីជាន់ខ្ពស់បំផុតទី៣ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅបណ្ណាល័យប្រធានាធិបតី Ronald Reagan នៅជាយក្រុង Los Angeles ជាផ្នែកមួយដែលគេហៅថាជាការឈប់ចតនៅតាមផ្លូវទៅ និងមកពីប្រទេសហ្គាតេម៉ាឡា និងប្រទេសបេលីហ្សនៅអាមេរិកកណ្តាល។ ជំនួបដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាមេរិក និងមេដឹកនាំកោះតៃវ៉ាន់ បានឃើញពលរដ្ឋចិននៅក្រៅប្រទេសរាប់ពាន់នាក់មកពីទីក្រុងឡូសអាន់ជើឡេស សានហ្វ្រាន់ស៊ីសស្កូ អរីហ្គេន និងផ្នែកផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានមកប្រមូលផ្តុំគ្នាដើម្បីតវ៉ានៅខាងក្រៅបណ្ណាល័យ ដោយបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេសម្រាប់ការបង្រួបបង្រួមឡើងវិញ ដោយសន្តិភាពរបស់ប្រទេសចិន និងប្រឆាំងដាច់ខាត «ឯករាជ្យភាពកោះតៃវ៉ាន់» ដែលស្វែងរកដោយលោកស្រី Tsai។
ការតវ៉ានេះក៏មានការចូលរួមពីសកម្មជនប្រឆាំងសង្គ្រាម របស់សហរដ្ឋអាមេរិកជាច្រើននាក់ទៀត ដោយមនុស្សជាច្រើនបានបង្ហាញការប្រឆាំងរបស់ពួកគេ ចំពោះទង្វើដែលមិនបានគិតគូររបស់លោក McCarthy ដើម្បីជួបជាមួយលោកស្រី Tsai និងបានថ្កោលទោសការជ្រៀតជ្រែករបស់អាមេរិក នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ អ្នកតវ៉ានិយាយថា សហរដ្ឋអាមេរិកគួរតែនៅឲ្យឆ្ងាយ ហើយទុករបៀបវារៈចក្រពត្តិនិយមរបស់ពួកគេនៅខាងក្រៅ និងទុកឱ្យប្រទេសចិនការពារខ្លួនឯង។ ចិនកំពុងព្យាយាមបង្កើតរដ្ឋាភិបាលកាន់តែរឹងមាំ និងគាំទ្រប្រជាជនរបស់ពួកគេ ហើយនៅពេលដែលសហរដ្ឋអាមេរិកព្យាយាមចូលមក ហើយនាំយកយោធាមកកាន់កោះតៃវ៉ាន់ នោះសហរដ្ឋអាមេរិកកំពុងប្រឆាំងដោយផ្ទាល់ ហើយក៏កំពុងតែបង្កើតជម្លោះ និងសង្គ្រាមជាច្រើនទៀត។ ពួកយើងគ្រាន់តែចង់បានសន្តិភាព។ ពួកយើងគិតថា មនុស្សជាច្រើននៅទីនេះគ្រាន់តែចង់បានសន្តិភាព៕
អត្ថបទ៖ ប៊ុនថន