បាល់ទាត់៖ ក្រុមជើងឯកពិភពលោកអាហ្សង់ទីន បានទំលាក់ប្រេស៊ីលឡើងមកឈរតំណែងលេខ ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ។
អាហ្សង់ទីនដែលឆ្នាំមុនគ្រងជើងឯក World Cup 2022 នៅកាតាក្រោយយកឈ្នះបារាំងនៅវគ្គផ្តាច់ព្រ័ត្រនោះ បានឡើងមកាន់តំណែងលេខ ១ បន្ទាប់ពីយកឈ្នះប៉ាណាម៉ា ២-០ និងកោះ Curacao ៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីសប្តាហ៍មុន។ ចំណែកក្រុមជើងឯករងបារាំងបានរំកិលឡើងមួយចំណាត់ថ្នាក់មកឈរលេខ ២ បន្ទាប់ពីបារាំងយកឈ្នះហូឡង់ ៤-០ និងឈ្នះសាធារណរដ្ឋអៀកឡង់ ១-០ ក្នុងការប្រកួតជម្រុះ Euro ស្របពេលដែលប្រេស៊ីលធ្លាក់ទៅលេខ ៣ ក្រោយលេងចាញ់ម៉ារ៉ុក ២-១ ក្នុងជំនួបមិត្តភាព។
រីឯក្រុមបិសាចក្រហមប៊ែលហ្ស៊ិកនៅតែបន្តឈរលេខ ៤ តាមពីក្រោយដោយអង់គ្លេសលេខ ៥ ហូឡង់លេខ ៦ ក្រូអាស៊ីលេខ ៧ អ៊ីតាលីលេខ ៨ ព័រទុយហ្កាល់លេខ ៩ និងអេស្ប៉ាញលេខ ១០។ ក្នុងការធ្វើបច្ចុប្បន្នភាពនៃតារាងចំណាត់ថ្នាក់ពិភពលោកចុងក្រោយនេះ ក្រុមបាល់ទាត់សាធារណរដ្ឋអាហ្វ្រិកកណ្តាលហក់ឡើងខ្ពស់ជាងគេចំនួន ១០ ចំណាត់ថ្នាក់ពីលេខ ១៣២ មកលេខ ១២២។ ចំណែកក្រុមជម្រើសជាតិកម្ពុជានៅឈរចំណាត់ថ្នាក់លេខ ១៧៦៕
អត្ថបទ៖នាង សុភាវុធ