អាមេរិក៖ សារព័ត៌មានបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចៅក្រមតុលាការកំពូលខាងអភិរក្សនិយមសហរដ្ឋអាមេរិកលោក Clarence Thomas បានទទួលសំណូកជាច្រើនទសវត្សរ៍ នៃការធ្វើដំណើរកម្សាន្តចំណាយប្រាក់យ៉ាងច្រើនពីធុរជនទីក្រុង Dallas ម្នាក់ដោយពុំបានលាតត្រដាងជាសាធារណៈ ទោះបីជាច្បាប់សហព័ន្ធតម្រូវឲ្យបង្ហាញអំណោយទាំងអស់ក៏ដោយ ដែលជំរុញឲ្យព្រឹទ្ធសភាគ្របគ្រងដោយគណបក្សប្រជាធិបតេយ្យ អំពាវនាវឲ្យមានការស៊ើបអង្កេត។
របាយការណ៍ចេញដោយសារព័ត៌មាន ProPublica រកឃើញថា លោក Thomas បានធ្វើដំណើរកម្សាន្តវិស្សមកាលជាច្រើនលើកជាមួយមហាសេដ្ឋីអចលនទ្រព្យ និងជាអ្នកឧបត្ថម្ភមកពីគណបក្សសាធារណរដ្ឋគឺលោក Harlan Crow រួមទាំងយន្តហោះឯកជន និងនាវាប្រណីតរបស់លោកនៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។ សារព័ត៌មាននេះបាននិយាយថា អំណោយដែលលោកទទួលបានជាញឹកញាប់មិនត្រូវបានគេដឹងទេ នៅក្នុងប្រវត្តិសាស្ត្រទំនើបក្នុងតុលាការកំពូលសហរដ្ឋអាមេរិក។ លោក Thomas និងប្រធានចៅក្រមលោក John Roberts ពុំបានឆ្លើយតបភ្លាមៗទេចំពោះសំណើសុំការអត្ថាធិប្បាយ។
របាយការណ៍នេះបានចោទជាសំណួរថ្មីៗ ជុំវិញទំនាស់ផលប្រយោជន៍ដ៏ធំពាក់ព័ន្ធនឹងចៅក្រម និងតុលាការកំពូល ដែលបានរងការរិះគន់កាន់តែខ្លាំងចំពោះកង្វះក្រមសីលធម៌ផ្លូវការរបស់ខ្លួន។ លោក Crow បានប្រាប់សារព័ត៌មាន ProPublica នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក និងភរិយារបស់លោកជាមិត្តភ័ក្ដិជាមួយលោក Thomas និងភរិយា ចាប់តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះមិនដែលព្យាយាមស្វែងរកការប្រើឥទ្ធិពលលើចៅក្រម Thomas សម្រាប់ផ្លូវច្បាប់ ឬបញ្ហានយោបាយណាមួយឡើយ៕
អត្ថបទ៖ សុខមាន