ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគត បានលើកឡើងថា វត្តមានរបស់ ក្រុមហ៊ុនជប៉ុន ដែលបានកើតឡើងជាបន្តបន្ទាប់លើទឹកដីកម្ពុជានោះ គឺបានឆ្លុះបញ្ចាំង និងបង្ហាញថា បានចូលរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ពិសេសទៅទៀតនោះគឺបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុ ជាឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Aeon Mall Mean Chey ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា «សូមអបអរសាទរចំពោះសមិទ្ធផលផ្សារទំនើប Aeon Mall Mean Chey ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុន AEON Mall (Cambodia) Co., LTD នៅក្នុងប្រទេសកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ស្មារតីសុទិដ្ឋិនិយម និងឆន្ទៈដ៏មុតមាំរបស់ក្រុមហ៊ុនក្នុងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ជាពិសេសការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពធន់ និងរីកចម្រើនរឹងមាំ»។
ឯកឧត្តមបានបន្តថា «សំណង់ និងការរៀបចំផ្សារដ៏ទំនើបមួយនេះ ក៏បានបង្ហាញថា ក្រុមហ៊ុនមិនបានផ្តោតតែទៅលើការទាញយកផលចំណេញប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានគិតគូរផងដែរអំពីការចូលរួមក្នុងកិច្ចការសង្គម តាមរយៈសកម្មភាពមួយចំនួន ដូចជាការបន្តគាំទ្រដល់ផលិតផលក្នុងស្រុក, ការរៀបចំកម្មវិធីវប្បធម៌ជាប្រចាំជាមួយនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ និងការចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើមនោះ»។ ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូលផងដែរ តាមរយៈការផ្តល់ឱកាសការងារជូនដល់ប្រជាជនកម្ពុជា ជាច្រើនពាន់នាក់ ព្រមទាំងឱកាសវិនិយោគ និងអាជីវកម្មថ្មីៗសម្រាប់វិនិយោគិន និងអាជីវករទាំងក្នុង និងក្រៅស្រុក។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ជាមួយនឹងវត្តមានរបស់ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងវិនិយោគិន ធុរជន និងដៃគូអភិវឌ្ឍន៍ មកពីប្រទេសជប៉ុននាឱកាសនេះ, សូមយកឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការកម្ពុជា-ជប៉ុន ជាពិសេសការលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ចាប់ពីឆ្នាំ២០២៣ នេះ។ ភាពជាដៃគូកម្ពុជា-ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងផ្នែកពាណិជ្ជកម្ម, ការអភិវឌ្ឍ, មនុស្សធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមដល់ការពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាលើគ្រប់វិស័យ។
ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។ ជាមួយនឹងសុខសន្តិភាព ដែលសម្រេចបានដោយលំបាក, រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញពីផេះផង់នៃសង្គ្រាម រហូតបានក្លាយជាសេដ្ឋកិច្ចមួយប្រកបដោយថាមវន្ត និងមានភាពរស់រវើក តាមរយៈការដាក់ចេញ និងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ និងវិធានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយភាពប្រាកដនិយម និងដោយផ្តោតលើតម្រូវការជាក់ស្តែង, ជីវភាព និងសុខទុក្ខរបស់ប្រជាជនជាធំ៕ អត្ថបទ ៖ បាន ចក់











