ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអាវរងាជាច្រើន ដែលជាអំណោយរបស់សម្តេចចែកជូនកងទ័ពចំណុះយោធភូមិភាគពិសេស។
ថ្លែងក្នុងពិធីចែកអាវរងានោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងទំនុកបំរុងថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ព។ ជាពិសេសចែកជូនអាវរងារដល់កងទ័ពទាំងជើងទឹក និងជើងគោក ជារៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់ជូនអាវរងា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឆ្លៀតពន្យល់ពីគុណតម្លៃ ក៏ដូចជាសារសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងបានលើកពីឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនា ដល់ការអភិវឌ្ឍតាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកដល់កងទ័ពឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយ ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់មគ្គុទ្ទេស សន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។
នាយឧត្តមសេនីយ៍ ឥត សារ៉ា់ត់ បានថ្លែងអំណរគុណ ដល់កងកម្លាំងទាំងអស់ ទាំងកងយុទ្ធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ ទន្ទឹមនោះ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ ក្នុងការងារប្រមូលផលស្រូវ ដែលបច្ចុប្បន្នកំពុងទំពេញស្រែនៅគ្រប់ទីកន្លែង៕ ដោយ ឧត្ដម