ភ្នំពេញ៖ ដោយសារឥណ្ឌាជាប្រទេសឈានមុខគេ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និង ការអភិវឌ្ឍជំនាញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វាគមន៍ដល់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាដៃគូដែលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ឥណ្ឌាទាំងអស់ ចូលរួមសហការជាមួយក្រសួងការងារ ដើម្បីកសាងធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈ ទៅដល់យុវជនកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលនឹងគាំទ្រដល់ការវិនិយោគ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មពិធីប្រគល់ពានរង្វាន់ ផីនណាកុលប្រចាំឆ្នាំ២០២៣ នាឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា និងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានឯករាជ្យភាពរបស់ប្រទេសឥណ្ឌា និងការលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងឥណ្ឌា និងកម្ពុជា កាលពីល្ងាចថ្ងៃទី៧ មេសា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ ចំពោះស្ថានកុងស៊ុលកិត្តិយសឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌា ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ដោយកំណត់យកប្រធានបទ ឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនឥណ្ឌា នៅក្នុងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឧស្សាហកម្ម ៤.០ ដើម្បីធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ល្អ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច វិនិយោគ ភាពប្រកួតប្រជែង ការទទួលខុសត្រូវសង្គម និងដើម្បីបង្កភាពទាក់ទាញវិនិយោគទុនពីបរទេសបន្ថែមទៀតមកកម្ពុជា ជាពិសេសមកពីឥណ្ឌា។
ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានគោលការណ៍គ្រឹះក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព កម្ពុជាអាចធានាបាននូវស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ធានានូវទំនុកចិត្តដល់អ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេសកាន់តែជឿទុកចិត្តយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនថេរ ព្រមទាំងបានបង្កើត និងបង្កើនឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋ។ មិនតែប៉ុណ្តោះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែលមានប្រាក់ចំណូលខ្ពស់, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានធ្វើការវាយការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលកន្លងមកភាគីឥណ្ឌាបានផ្តល់អាហារូបករណ៍រាប់រយកន្លែងសម្រាប់សិក្ខាកាមរបស់កម្ពុជា។
ឯកឧត្តមសង្ឃឹមថា តាមរយៈវេទិកាកម្មវិធីនាថ្ងៃនេះ នឹងបង្កើននូវភាពជឿទុកចិត្តដល់បណ្តាក្រុមហ៊ុនឥណ្ឌា បង្កើនការវិនិយោគ និងទាក់ទាញអ្នកវិនិយោគទុនថ្មីៗថែមទៀតជាក់ជាមិនខាន៕








