អ៊ីស្រាអែល៖ ឪពុករបស់កូនស្រីជនជាតិអង់គ្លេសមានសញ្ជាតិអ៊ីស្រាអែល ២នាក់ដែលបានស្លាប់ក្នុងការបាញ់ប្រហារមួយនៅក្នុងតំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែលបានយំឱបសាកសពកូនទាំង២ ខណៈអ្នកកាន់មរណទុក្ខបានច្រៀងចម្រៀងកាន់ទុក្ខនៅពិធីបុណ្យសពរបស់ពួកគេកាលពីថ្ងៃអាទិត្យ។

នាង Maia និង Rina Dee វ័យ ២០ឆ្នាំ និង ១៥ឆ្នាំបានស្លាប់កាលពីថ្ងៃសុក្រ នៅពេលក្រុមជនសង្ស័យជាក្មាន់កាំភ្លើងប៉ាឡេស្ទីនបានបើកការបាញ់ប្រហារលើពួកគេ នៅក្នុងរថយន្តរបស់ខ្លួនក្នុងតំបន់ជ្រលងភ្នំហ្ស៊កដានី។ ម្ដាយរបស់ពួកគេគឺអ្នកស្រី Leah កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្រោយការវះកាត់។ ការវាយប្រហារនេះបានកើតឡើង ស្របពេលភាពតានតឹង និងអំពើហិង្សាកើនឡើងខ្លាំងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ភាគច្រើននៃអ្នកចូលរួមក្នុងពិធីបុណ្យសពគឺជាយុវជន ខ្លះមកពីសាលារៀនដែលនាង Rina បានសិក្សា។
នៅខាងមុខក្បែរវេទិកាទាបមួយ ក្រុមគ្រួសារបានជួបជុំគ្នាដោយនិយាយទាំងទឹកភ្នែក និងឱបគ្នាសម្រាប់ពេលវេលាកាន់មរណទុក្ខដ៏ស្ងៀមស្ងាត់។ សាកសពទាំង២ ត្រូវបានយំឱបដោយឪពុករបស់ពួកគេគឺលោក Rabbi Leo Dee ដែលមានដើមកំណើតមកពីភូមិ Radlett ក្នុងចក្រភពអង់គ្លេស។ បន្ទាប់មកបានអង្គុយនៅខាងក្រោយ ផ្ទៃមុខរបស់លោកពោរពេញដោយទុក្ខព្រួយ ដៃរបស់លោកក្រសោបឱបកូនទាំង ៣នាក់របស់លោកដែលនៅរស់៕
អត្ថបទ៖ សុខមាន