វាយកូនបាល់៖ អតីតជើងឯក Monte Carlo Masters កីឡាករស្វីស Stanislas Wawrinka បានឈានឡើងជុំទី២ ហើយក្រោយវាយបកយកឈ្នះកីឡាករហូឡង់ Tallon Griekspoor។ កីឡាករវ័យ ៣៨ឆ្នាំ Wawrinka ត្រូវបាន Griekspoor នាំមុខមួយសិតមុន ៧-៥ មុនពេលដែលវាយបកយកឈ្នះ ២សិតផ្ទួនៗ ៦-៣ និង ៦-៤។

ជុំបន្តម្ចាស់ជើងឯក Grand Slam បីលើក Stanislas Wawrinka នឹងត្រូវជួបជាមួយកីឡាករលំដាប់លេខ ១០ ពិភពលោកសញ្ជាតិអាមេរិក Taylor Fritz។ ងាកមកអតីតកីឡាករលំដាប់លេខ ១ ពិភពលោក Andy Murray បានធ្លាក់ត្រឹមជុំទី១ ប៉ុណ្ណោះក្រោយរងបរាជ័យក្រោមស្នាដៃកីឡាករអូស្ត្រាលី Alex de Minaur ៦-១ និង ៦-៣ ប្រើពេល ៨៦នាទី។ Andy Murray មានបញ្ហារបួសអវត្តមានពីការប្រកួតនានាជាច្រើនមកហើយក្នុងឆ្នាំ២០២៣ នេះតែមានឱកាសចូលប្រកួតនៅ Monte Carlo នេះតាមរយៈការដកខ្លួនរបស់កីឡាករលេខ២ ពិភពលោក Carlos Alcaraz និងជើងឯក ១១សម័យ Rafael Nadal។
ងាកមកលទ្ធផលផ្សេងទៀត ជើងឯក US Open, Dominic Thiem យកឈ្នះ Richard Gasquet ៦-១ និង ៦-៤។ កីឡាករអូទ្រីស Dominic Thiem បច្ចុប្បន្នឈរលេខ ១០៦ ពិភពលោក បន្ទាប់ពីអវត្តមានពីការប្រកួតជាច្រើនដោយសារបួសកដៃ។ ជុំបន្ត Dominic Thiem នឹងត្រូវជួបជាមួយកីឡាករដាណឺម៉ាកវ័យ ១៩ឆ្នាំ Holger Rune ដែលកំពុងឈរលេខ ៩ ពិភពលោក៕
អត្ថបទ៖នាង សុភាវុធ