សៀមរាប៖ ព្រឹត្តិការណ៍បំបែកឯតទគ្គកម្ម "បេះដូងច្រើនជាងគេលើពិភពលោក"បានចាប់ផ្តើមហើយ នៅរសៀលថ្ងៃទី
១១ ខែមេសា ឆ្នាំ២០២៣នេះ នៅប្រាសាទអង្គរវត្ត។
តំណាងស្ថាប័ន Guinness World Records ដែលជាស្ថាប័នកំពូលចុះវត្តមានវត្ថុ ស្នាដៃ និងព្រឹត្តិការណ៍នានា ក្នុងកំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោក បានមកដល់ក្រុងសៀមរាប និងបានពិនិត្យមើលការតាំងរៀប និងរាប់បេះដូង នៅព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការផ្ដួចផ្ដើម ឬកម្មវិធីបេះដូងច្រើនជាងគេលើពិភពលោក ដែលមានវត្តមានក្រោមយុទ្ធនាការ BeyondTheGames ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ គ្រប់ដំណាក់កាលតាំងពីការត្រៀមប្រកួត ការប្រកួត និងក្រោយការប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ។
បេះដូងក្រដាសបានយកទៅផ្គុំជាផ្ទាំងពាក្យ ឬឃ្លានៅក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក និងតាំងបង្ហាញអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលបច្ចុប្បន្ននេះក្រុមការងារបានរៀបចំតាំងបង្ហាញបេះដូងក្រដាសដែលប្រមូលពីសាធារណៈជនសម្រាប់បំបែកឯតទគ្គកម្មពិភពលោកយ៉ាងសស្រាក់សស្រាំ។
ការបំបែកកំណត់ត្រាពិភពលោកនេះ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា ព្រមទាំងបើកទូលាយឱ្យសាធារណៈជនទូទៅអាចចូលរួមដើម្បីជាសក្ខីភាព
ក្នុងការបំបែកឯតទគ្គកម្មពិភពលោកនេះ៕











