សៀមរាប ៖ « ៣,៩១៧,៨០៥ បេះដូង » បេះដូងនៃសាមគ្គីភាព, បេះដូងនៃក្ដីសង្ឃឹម, បេះដូងលោតក្នុងចង្វាក់តែមួយ!
លើសពីបំបែកកំណត់ត្រាពិភពលោក លើសពីចូលរួមអបអរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែបេះដូងនៃស្មារតីសាមគ្គីភាពរបស់ខ្មែរនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់អត្តពលិក កីឡាករ- កីឡាការិនី សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត។
កន្លងទៅ ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិយុទ្ធនាការ #BeyondTheGames បានលើកឡើងថា ក្រុមការងារគ្រោងប្រមូលបេះដូងឱ្យបានចំនួន ១លាន ដែលមួយបេះដូងមានតម្លៃ៥០០រៀល។ ក្នុងការបត់បេះដូងនេះ នឹងអាចប្រមូលថវិកាបាន ៥០០លានរៀល ដែលស្មើនឹង ១២ម៉ឺន៥ពាន់ដុល្លារ ដែលជាការចូលរួមបរិច្ចាគពីក្រុមហ៊ុនមួយចំនួនដែលគាំទ្រដល់យុទ្ធនាការនេះ ដើម្បីប្រមូលថវិកាជូនកីឡាករដែលមានពិការភាព។ ដូច្នេះបេះដូងនេះ លើសពីបេះដូងក្រដាស តែបេះដូងដែលបំបែកកំណត់ត្រាថ្មីរបស់ពិភពលោកនាពេលនេះ បានបង្កើតជាថវិកាសប្បុរសធម៌ជួយដល់កីឡាករមានពិការភាពផងដែរ៕ អត្ថបទ៖ ចេន សុជាតា





