ភ្នំពេញ៖ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បច្ចស័ក ព.ស ២៥៦៧, គ.ស ២០២ ៣ ដែលនឹងចូលមកដល់នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឱ្យក្រុមសិល្បៈសិស្សរបាំត្រុដិ នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ សំដែង នៅឯភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមេសានេះ ទៅតាមទំនៀមទម្លាប់ដ៏ផូរផង់របស់ដូនតា ដែលបន្សល់ទុកតាំងពីយូរលង់មក ក៏ដូចជាការ ចូលរួមថែរក្សានូវមរតកវប្បធម៌មួយនេះឱ្យស្ថិតស្ថេរគង់វង្ស ។
«ត្រុដិ» គឺជារបាំប្រជាប្រិយខ្មែរមួយប្រភេទ ដែលភាគច្រើនគេនិយមសម្តែងនៅក្នុងរដូវបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីបួងសួងសុំសេចក្តីសុខ ក៏ដូចជាបណ្តេញនូវឧបទ្រព ដែលសេសល់ពីឆ្នាំចាស់ ផ្លាស់ មកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មី។ របាំខ្មែរមួយប្រភេទនេះ ក៏ត្រូវបានគេនិយមលេង ដើម្បីបន់ស្រន់សុំទឹក ភ្លៀង ផងដែរ ។
ការសំដែងរបាំត្រុដិ នៅមុខភូមិគ្រឹះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅពេលនេះ ក៏ដើម្បីបួងសួង សុំសេចក្តីសុខ ក៏ដូចជាបណ្ដេញនូវអ្វីដែលមិនប្រពៃពីឆ្នាំចាស់ និងនាំមកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មី ជូនដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ក្រុមគ្រួសារ របស់សម្តេចទាំងពីរ បានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រុងចម្រើន និងមានជោគមានជ័យគ្រប់ ពេលវេលា ដើម្បីសម្តេចបានស្ថិតនៅដឹកនាំនាវាកម្ពុជាបន្តបោះជំហានឈានឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីៗ ជាបន្តទៀត ជាពិសេសការរក្សាបាននូវឯកភាពជាតិ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ភាពសុខដុមរមនា និងការរីកចម្រើនថ្មីៗលើគ្រប់វិស័យជូនដល់សង្គមជាតិ ។
ក្រោយពីពិធីសំដែងរបាំត្រុដិបានបញ្ចប់រួចរាល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានយាងនិមន្តសម្តេចព្រះពោធិ៍វង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករង ទី១ នៃព្រះរាជាណចក្រកម្ពុជា, សម្តេចសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយក រងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ ថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះ ឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ព្រះអនុប្រធាន និងជាអគ្គលេខាធិការដ្ឋានថេរ សភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងព្រះវត្តមានសម្តេចសង្ឃ មន្ត្រីសង្ឃ សរុបចំនួន៧អង្គ ប្រារព្ធពិធីសូត្រមន្តប្រោះព្រំ ជាពិសេសសូមទេវតាឆ្នាំថ្មីព្រះនាងកិមិរាទេវី ដែលនឹងយាង មកថែរក្សា អភិបាលគ្រងចក្រវាល និងព្រះរាជាណាចក្រកម្ពុជាទាំងមូល សូមនាំមកនូវសិរីសួស្តីជ័យ មង្គល វិបុលសុខគ្រប់ប្រការ ។
បន្ទាប់ពីបានប្រារព្ធកិច្ចទៅតាមប្រពៃណីទំនៀមទម្លាប់ នៃព្រះពុទ្ធសាសនា និងបានឧទ្ទិសនូវមហា កុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាន មាតា បិតា ជីដូន ជីតា សាច់សាលោហិត ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ ឱ្យទទួលយកនូវមហាកុសលផលបុណ្យ ដែលសម្តេច ទាំងទ្វេ បានរៀបចំជូនតាមរយៈសម្តេចសង្ឃ មន្ត្រីសង្ឃនៅថ្ងៃនេះ សម្តេចទាំងទ្វេ បានយាង និមន្តសម្តេច សង្ឃ មន្ត្រីសង្ឃជាន់ខ្ពស់យាងប្រោះព្រំ លើកសិរីសួស្តីសូមកើតមានដល់សម្តេចទាំងទ្វេ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានសុខភាពល្អ បរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីសម្តេចទាំងទ្វេ បានស្ថិតនៅជា ម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ជាពិសេសដើម្បីបន្តការគ្រប់គ្រង និង ដឹកនាំព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសុខដុមនីកម្ម រវាងជនជាតិ និងសាសនា និងថែរក្សានូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងថែមទៀត ៕អត្ថបទ៖ សុត សុទ្ធ












