អ៊ីស្រាអែល ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយថា ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីនពីរនាក់ ដែលបានបើកការបាញ់ប្រហារនៅប៉ុស្តិ៍យោធាក្បែរទីតាំងទីលំឋានរបស់ជនជាតិជ្វីហ្វ នៅតំបន់ West Bank កាលពីថ្ងៃអង្គារទី ១១ ខែមេសា។ លោក Gallant រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការជោគជ័យរបស់ពួកគេបានរារាំងការវាយប្រហារលើពលរដ្ឋអ៊ីស្រាអែល។ កាលពីពេលមុន យោធាបាននិយាយថា កងកម្លាំងរបស់ខ្លួនរារាំងខ្មាន់កាំភ្លើងពីរនាក់ ហើយបានរកឃើញកាំភ្លើងវែង និងកាំភ្លើងខ្លីនៅកន្លែងកើតហេតុ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីប៉ាឡេស្ទីននោះទេ ប៉ុន្តែសាក្សីម្នាក់ ជាអ្នកសារព័ត៌មាន លោក Mohammad Thabet បាននិយាយថា កងទ័ពអ៊ីស្រាអែលបានរារាំងអង្គភាពសេវារថយន្តសង្គ្រោះ និងអ្នកសារព័ត៌មានមិនឲ្យចូលទៅដល់តំបន់នោះ។ លោកនិយាយថា លោកបានឃើញមនុស្សវ័យក្មេងម្នាក់ដេកនៅលើដី ដែលត្រូវបានយកចេញ និងបានយកទៅដាក់ក្នុងរថយន្តសង្គ្រោះរបស់អ៊ីស្រាអែល ហើយកងទ័ពបានរារាំងក្រុមបុគ្គលិកអឌ្ឍចន្ទក្រហមមិនឱ្យចូលទៅដល់កន្លែងមានវត្តមានកងទ័ព ហើយពួកគេក៏បានរារាំងអ្នកសារព័ត៌មានមិនឱ្យរាយការណ៍ពីហេតុការណ៍នេះ។
អំពើហឹង្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បានរីកធំនៅឆ្នាំនេះ ដោយមានការវាយឆ្មក់ពីយោធាជាញឹកញាប់ ក្នុងពេលមានការវាយប្រហាររបស់ប៉ាឡេស្ទីន។ ពលរដ្ឋប៉ាឡេស្ទីនជាង ៩០ នាក់ ដែលភាគច្រើនជាអ្នកប្រយុទ្ធនៅក្នុងក្រុមសកម្មប្រយុទ្ធ ប៉ុន្តែមួយចំនួនជាជនស៊ីវិល ត្រូវបានសម្លាប់ ហើយយ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែល និងជនបរទេស១៩ នាក់បានស្លាប់ចាប់តាំងពីខែមករា មក។ ភាពតានតឹងកំពុងកើនឡើងខ្ពស់ជាពិសេសនៅពេលដែលខែពិសិដ្ឋបុណ្យរ៉ាម៉ាដានរបស់ប្រជាពលរដ្ឋមូស្ល៊ីម និងបុណ្យសាសនារបស់ជនជាតិជ្វីហ្វ ប្រារព្ធធ្វើឡើងព្រមគ្នា៕ ដោយ ៖ ប៊ុនថា

