អាមេរិក ៖ ក្រុមមេដឹកនាំនយោបាយនៅរដ្ឋខិនថាក់គី និងរដ្ឋធិនណេស៊ី បានអំពាវនាវឲ្យរឹតបន្តឹងការគ្រប់គ្រងអាវុធកាន់តែតឹងរ៉ឹងថែមទៀត រួមទាំងច្បាប់កាន់តែតឹងរ៉ឹងទប់ស្កាត់មនុស្សក្នុងការកាន់អាវុធ បន្ទាប់ពីការបាញ់ប្រហារសម្លាប់រង្គាលចំនួន២ ដែលបានសម្លាប់មនុស្ស១១នាក់ នៅក្នុងទីក្រុង ល្វីស្វីល(Louisville) និងណាស្វីល(Nashville) សហរដ្ឋអាមេរិក ។
បុគ្គលិកធនាគារម្នាក់បានបាញ់មិត្តរួមការងារចំនួន៥នាក់ និង៩នាក់រងរបួស នៅកន្លែងការងាររបស់ខ្លួននៅក្នុងទីក្រុងល្វីស្វីល រដ្ឋខិនថាក់គី កាលពីថ្ងៃចន្ទទី២៧ មីនា ខណៈមានកុមារសិស្សសាលាអាយុ៩ឆ្នាំ៣នាក់ និង បុគ្គលិក៣នាក់ ត្រូវបានបាញ់សម្លាប់នៅសាលារៀនឯកជនគ្រឹស្តសាសនា នៅក្នុងទីក្រុងណាស្វីល រដ្ឋធិនណេស៊ី ពីអតីតសិស្សម្នាក់។
អភិបាលរដ្ឋ Tennessee លោក Bill Lee បានជំរុញដល់សមាជិកមហាសន្និបាតស្វែងរកការសម្របសម្រួលដើម្បីរឹតបន្តឹងច្បាប់នូវអ្វីដែលគេហៅថាជាសញ្ញាព្រមានពីគ្រោះថ្នាក់របស់រដ្ឋ ក្នុងគោលបំណងរារាំងមនុស្សមិនឲ្យគំរាមកំហែងដល់សាធារណជន ឬ ខ្លួនឯងក្នុងការទទួលបានសិទ្ធិកាន់អាវុធ។
នៅសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងល្វីស្វីល សមាជិកសភាអាមេរិកលោក Morgan McGarvey បានជំរុញក្រុមតំណាងរាស្ត្រសហព័ន្ធគាំទ្រគោលនយោបាយទប់ស្កាត់អំពើហិង្សាដោយអាវុធ។ អ្នកប្រជាធិបតេយ្យរូបនេះ បាននិយាយថា អំឡុងពេលនេះ ផ្អែកលើច្បាប់របស់រដ្ឋ លោកបានធ្វើការជាមួយក្រុមការងារអភិរក្សនិយមដើម្បីតាក់តែងច្បាប់ដែលនឹងជួយដកអាវុធជាបណ្ដោះអាសន្នពីមនុស្សដែលមានវិបត្តិ៕ ដោយ ៖ សុខ មាន
