ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាធិបតីបិទសន្និបាតបូកសរុបការងារអប់រំនៃក្រសួងអប់រំ យុវជននិងកីឡា នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា(តិចណូ) នារសៀលថ្ងៃទី១២មេសានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍៦ចំណុចឱ្យមន្ត្រីអប់រំបន្តយកចិត្តទុកដាក់ជាបន្តទៀត ដើម្បីពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើង។
អញ្ជើញថ្លែងបិទសន្និបាតនាឱកាសនោះ សម្ដេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអប់រំព្រមទាំងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមធ្វើ ឱ្យវិស័យអប់រំមានការរីកចម្រើន ជាពិសេសកិច្ចការកំណែទម្រង់លើវិស័យអប់រំ ដោយជោគជ័យ ហើយសម្ដេចក៏បានផ្ដល់នូវអនុសាសន៍ចំនួន៦ចំណុចបន្ថែមទៀត ជូនដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ៖
ទី១. បន្តពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធអប់រំឲ្យកាន់តែរឹងមាំមានភាពបុរេសកម្មនិងឆ្លើយតបទៅនឹងបរិការណ៍ជាតិនិងអន្តរជាតិ។ ជាមួយនេះ ការធានាបានសេវាអប់រំដែលមានប្រសិទ្ធភាព គុណភាពប្រកបដោយសមធម៌និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ជាពិសេសត្រូវខិតខំរិះរកវិធានការឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត។
ទី២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នព្រមទាំងមន្ត្រីអប់រំឲ្យបានពេញលេញនិងភាពរស់រវើកនិងប្រទាក់ក្រឡាគ្នាតាមរយៈធានាភាពស័ក្តិសិទ្ធនិងភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់រួមទាំងការកែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយនិងផែនការអប់រំនិងការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំនិងគ្រូបង្រៀន។
ទី៣. បន្តអភិវឌ្ឍន៍ការអប់រំ ឌីជីថលសម្រាប់ការបណ្ដុះបណ្ដាល ធនធានមនុស្សនៅក្នុងបរិការណ៍បដិវត្តន៍កម្មសង្គមនិងសេដ្ឋកិច្ចឌីជីថលដោយត្រូវធ្វើសមាហរណកម្មវិស័យបច្ចេកវិទ្យាឌីជីថលនៅក្នុងកម្មវិធី
សិក្សាគ្រប់កម្រិតនៃប្រព័ន្ធអប់រំ បំពាក់បន្ទប់ពិសោធន៍ឌីជីថល តភ្ជាប់បណ្ដាញអគ្គិសនីនិងអ៊ីនធឺណិតនៅតាម
គ្រឹះស្ថានសិក្សានិង លើកកម្ពស់គុណវឌ្ឍ និងសមត្ថភាពឌីជីថល ដល់គ្រូបង្រៀនការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀននិងរៀន ការកែលម្អមាតិកាឌីជីថលនិងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល
និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ។
ទី៤. អនុវត្តឱ្យកាន់តែសកម្មលើការងារកាយរិទ្ធនិងការអភិវឌ្ឍន៍យុវជនដើម្បីឲ្យកុមារនិងយុវជនមានស្មារតី
ទទួលខុសត្រូវមានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គមមានសីលធម៌ក្នុងការរស់នៅក្នុងភាពជាពលរដ្ឋល្អតាម រយៈការបំផុសចលនាកូនល្អសិស្សល្អមិត្តល្អពលរដ្ឋល្អ។ ជាមួយនេះ ត្រូវជំរុញលើកទឹកចិត្តឲ្យបន្តកម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ព្រមទាំងបណ្ដុះបណ្ដាល
ជំនាញបច្ចេកទេសនិងជំនាញទុនដល់យុវជនសំដៅឆ្លើយតបបានទៅនឹងឱកាសការងារនិងភាពរឹងមាំនៃកោសិកាសង្គម។
ទី៥. បន្តលើកកម្ពស់វិស័យកីឡាដើម្បីកសាងមនុស្សគ្រប់រូបឲ្យមានសុខភាពនិងសុខមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុម គំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អក្នុងការប្រកួតកីឡានៅលើឆាកអន្តរជាតិនិងមានជីវភាពសមស្រប កីឡា ប្រកបដោយភាពសុខដុមរមនាក្នុងសង្គមក្រោមម្លប់សន្តិភាពព្រមទាំងបន្តជំរុញចលនាយុវជនម្នាក់ចេះកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត។
ទី៦. បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ត្រៀមវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ គ្រឿងញៀន និងបង្កើនការអប់រំ អំពីសុវត្ថិភាពសុខភាពសិក្សា សុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំនិងសិស្សានុសិស្សកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាពដូចជារៀបចំបន្ទប់សុខភាព ស្តង់ដារបរិស្ថានសាលារៀនបៃតង សាលាស្អាតគ្មានសំរាម លើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនិង អនាម័យផ្ដោតលើទឹកទទួលទាន កន្លែងលាងដៃ បង្គន់អនាម័យលើកកម្ពស់អាហារូបត្ថម្ភដែលផ្ដោតលើសុវត្ថិភាពចំណីអាហារនិងការផ្ដល់អាហារតាមសាលារៀន
ការអប់រំអំពីសុខភាពសិក្សាការហាត់ប្រាណនិងលេងកីឡា។
ទន្ទឹមនេះសម្ដេចបានបង្ហាញសុទិដ្ឋិនិយម ចំពោះសមិទ្ធផលសន្និបាតនិងអនុសាសន៍សំខាន់ៗដែលសម្ដេចបានលើកឡើងខាងលើនេះឲ្យក្លាយទៅជាមូលដ្ឋានប្រកបដោយតម្លាភាពប្រសិទ្ធភាពសម្រាប់អនុវត្តក្នុងវិស័យអប់រំកម្ពុជានៅឆ្នាំសិក្សាថ្មីនិងឆ្នាំសិក្សាជាបន្តបន្ទាប់៕