នគរបាលនិងគ្រូបង្រៀននៅបូលីវីបានវាយតប់គ្នាទៅវិញទៅមក ក្នុងអំឡុងពេលការតវ៉ានៅក្រុង La Paz កាលពីថ្ងៃពុធ (១២ មេសា)។

ក្រុមគ្រូបង្រៀនបានតវ៉ាប្រឆាំងនឹងកម្មវិធីសិក្សាថ្មីដែលបង្កើតឡើងដោយក្រសួងអប់រំ និងទាមទារមូលនិធិបន្ថែមសម្រាប់វិស័យអប់រំ។
អំពើហិង្សាបានកើនឡើងដោយនគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់ថ្នាំពណ៌ទៅលើក្រុមបាតុករ ហើយពួកគេរត់គេចនិងឆ្លើយតបទៅវិញដោយការប្រើដំបង និងគ្រឿងផ្ទុះ។
គ្រូបង្រៀនម្នាក់ឈ្មោះ Angel មកពី តំបន់Yacuiba បាននិយាយថា "រដ្ឋាភិបាលនិយាយថា ពួកគេមិនមានថវិកាសម្រាប់ការអប់រំ ប៉ុន្តែមានថវិកាសម្រាប់ទិញឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបាញ់មកលើពួកយើង" ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Página Siete បានរាយការណ៍កាលពីថ្ងៃចន្ទ (១១ មេសា) ថា នៅក្នុងពេលកំពុងតវ៉ារបស់ក្រុមគ្រូបង្រៀននោះ រដ្ឋាភិបាលបានទិញសារធាតុគីមីម្លៃ ៨ លានដុល្លារក្រោមកិច្ចសន្យាដែលចែងថាវត្ថុធាតុទាំងនេះសម្រាប់ធានា "សន្តិសុខ និងការពាររដ្ឋ" ។