
សៀមរាប៖ ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ធ្វើឡើងក្នុងគោលបំណងជាចម្បង ដើម្បីបង្ហាញពីសក្តានុពលនៃផលិតផលជាច្រើន ក៏ដូចជាផលិតផលខ្មែរនៅទូទាំងប្រទេស និងបង្ហាញភ្ញៀវជាតិនិងអន្តរជាតិឱ្យស្គាល់នូវសក្តានុពលសេដ្ឋកិច្ចពាណិជ្ជកម្ម និងប្រភេទផលិតផលខ្មែរ ព្រមទាំងជំរុញចលនាទិញផលិតផលខ្មែរ តាមរយៈការផ្ដល់ឱកាសដល់ផលិតករ ពាណិជ្ជករសហគ្រិនធុនតូច និងមធ្យមរបស់កម្ពុជា និងអាជីវករចូលរួមតាំងបង្ហាញក្នុងការផ្សព្វផ្សាយ និងជំរុញផ្សព្វផ្សាយផលិតផលដែលមានគុណភាព និងសុវត្ថិភាពឱ្យកាន់តែមានការទទួលស្គាល់យ៉ាងទូលំទូលាយ ក៏ដូចជាបានចូលរួមកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ជាងនេះទៅទៀត លើសពីការតាំងបង្ហាញផលិតផលទូទៅ កម្មវិធីនេះនឹងចូលរួមចំណែកបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិ និងជាការគាំទ្រលើកស្ទួយផលិតផលសិប្បកម្មខ្មែរ ដែលមានលក្ខណៈច្នៃប្រឌិតឱ្យកាន់តែល្បីសុះសាយទូទាំងតំបន់ និងសកលលោកជាពិសេសជំរុញដល់ការអភិវឌ្ឍអាជីវកម្មខ្នាតតូច និងមធ្យមរួមទាំងវិស័យពាណិជ្ជកម្ម សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ដោយបង្កើតបានជាការងារនិងចំណូលជូនប្រជាជនតាមរយៈការលក់ផលិតផលនិងសេវាកម្ម។ ផលិតផល ដែលនឹងត្រូវដាក់តាំងរួមមាន៖ ផលិតផលសម្លៀកបំពាក់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃនៅគេហដ្ឋាន ផលិតផលអេឡិចត្រូនិច ផលិតផលសិប្បកម្មចម្លាក់ សូត្រខ្មែរ ដេរប៉ាក់ សិប្បកម្មធ្វើពីផ្ដៅ សិប្បកម្មសូត្រខ្មែរ សិប្បកម្មដេរប៉ាក់ សិប្បកម្មគ្រឿងអលង្ការ គ្រឿងឧបភោគបរិភោគ និងផលិតផលកែច្នៃរបស់ខ្មែរផ្សេងៗ។ ការតាំងពិព័រណ៍ពាណិជ្ជកម្ម មានទីតាំងនៅបរិវេណសួនច្បារមុខព្រះរាជដំណាក់។








