នគរបាលជាតិប៉េរូ រាយការណ៍ថា មនុស្ស ៥នាក់ បានស្លាប់ និងមនុស្ស ១០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បំណាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Huaral ស្ថិតក្នុងតំបន់ភាគខាងកើតប្រទេសប៉េរូ និងមានចម្ងាយ ៧៥គ.ម ពីរដ្ឋធានី Lima។

ក្រុមនគរបាល ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមអ្នកស្រុក បានរួមកម្លាំងគ្នា ដើម្បីរុករកអ្នករស់រាន និងបោសសំអាតគំនរបាក់បែក ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា បំណាក់ដីនេះ បានកប់ពន្លិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ រថយន្ត និងសាលារៀន ប៉ុន្តែគ្មានសិស្សសាលាណាម្នាក់រងរបួសនោះទេ ដោយសារតែពួកគេអាចរត់គេចខ្លួនទាន់ពេលបាន ។
ដោយឡែក ក្រុមអាជ្ញាធរក្នុងស្រុក នឹងចាប់ផ្តើមប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេឡើងវិញ ក្រោយសេវាកម្មសង្រ្គោះបន្ទាន់ប៉េរូ បានផ្អាកការងាររបស់ពួកគេដោយសារតែភ្លៀងធ្លាក់ខ្លាំង ៕