អាល្លឺម៉ង់ នឹងបិទចោលរោងចក្រថាមពលនុយក្លេអ៊ែរ ៣កន្លែងចុងក្រោយរបស់ខ្លួននៅថ្ងៃសៅរ៍នេះ ដើម្បីបញ្ចប់កម្មវិធីរយៈពេល ៦ទសវត្សរ៍ ដែលបង្កឲ្យមានចលនាតវ៉ាខ្លាំងបំផុតនៅអឺរ៉ុប ប៉ុន្តែគេមើលឃើញការផ្អាកបិទមួយរយៈពេលខ្លី ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ។

បំពង់ផ្សែងម៉ាស៊ីនរ៉េអាក់ទ័ររោងចក្រនុយក្លេអ៊ែរ Isar II, Emsland និង Neckarwestheim II នឹងត្រូវបិទជារៀងរហូតនៅយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃសៅរ៍នេះ ស្របពេលដែលទីក្រុងប៊ែរឡាំង អនុម័តផែនការរបស់ខ្លួនសម្រាប់ការផលិតអគ្គិសនីអាចបង្កើតថ្មីបានទាំងស្រុង នៅឆ្នាំ ២០៣៥ ។
បន្ទាប់ពីនិយាយមិនពិតច្រើនឆ្នាំរួចមក អាល្លឺម៉ង់សន្យាថានឹងបញ្ឈប់ថាមពលនុយក្លេអ៊ែរទាំងស្រុង ក្រោយគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ ២០១១នៅប្រទេសជប៉ុន បានព្រួសសារធាតុវិទ្យុសកម្មចូលទៅក្នុងអាកាស និងធ្វើឲ្យពិភពលោកភ័យខ្លាចយ៉ាងខ្លាំង ។
ប៉ុន្តែការបិទចុងក្រោយ ត្រូវបានលើកពេលពីរដូវក្តៅឆ្នាំមុនមកនៅឆ្នាំនេះ ក្រោយការវាយលុករបស់ ទីក្រុងម៉ូស្គូ លើអ៊ុយក្រែន បង្ខំឲ្យអាល្លឺម៉ង់បញ្ឈប់ការនាំចូលប្រេងហ្វូស៊ីលរុស្ស៊ី ។ តម្លៃប្រេង បានហក់ឡើងខ្ពស់ ហើយនិងមានការព្រួយបារម្ភពីកង្វះខាតថាមពលនៅទូទាំងពិភពលោក ប៉ុន្តែឥឡូវអាល្លឺម៉ង់ មានជំនឿចិត្តម្តងទៀតលើការផ្គត់ផ្គង់ឧស្ម័ន និងការបង្កើនការផលិតថាមពលថ្មី ៕
