ប្រទេសប៉ូឡូញ និងហុងគ្រី បានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងស្បៀងអាហារផ្សេងទៀតពីប្រទេសអ៊ុយក្រែន ដើម្បីការពារកសិកររបស់ពួកគេ។
អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា បានថ្កោលទោសចំពោះសកម្មភាពជាឯកតោភាគីថា មិនអាចទទួលយកបាន លើការធ្វើពាណិជ្ជកម្មដោយប្រទេសជាសមាជិកទាំងពីរនេះ។ ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំមុន បានបិទកំពង់ផែសមុទ្រខ្មៅមួយចំនួន ដោយបន្សល់ទុកនូវបរិមាណដ៏ច្រើននៃគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលមានតម្លៃថោកជាងផលិតផលដែលផលិតនៅក្នុងសហភាពអឺរ៉ុប នៅក្នុងរដ្ឋអឺរ៉ុបកណ្តាលដោយសារតែការកកស្ទះផ្នែកដឹកជញ្ជូន។

បញ្ហានេះបានធ្វើឲ្យតម្លៃធ្លាក់ចុះ និងប៉ះពាល់ដល់ការលក់សម្រាប់កសិករក្នុងស្រុក ដោយធ្វើឱ្យមានការផ្ទុះកំហឹងចំពោះគណបក្សយុត្តិធម៌ និងច្បាប់ជាតិនិយមកំពុងកាន់អំណាចរបស់ប្រទេសប៉ូឡូញ ដែលមានមូលដ្ឋានគាំទ្រដល់តំបន់ជនបទ នៅក្នុងឆ្នាំបោះឆ្នោត។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងបច្ចេកវិទ្យា បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាក់បម្រាមរបស់ប្រទេសប៉ូឡូញ ដែលបានចូលជាធរមានកាលពីល្ងាចថ្ងៃសៅរ៍ ទី១៥ ខែ មេសា ក៏នឹងអនុវត្តចំពោះការដឹកជញ្ជូនផលិតផលទាំងនេះឆ្លងកាត់ប្រទេសផងដែរ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអនុវត្តតាម ប៉ុន្តែមិនបានប្រាប់ថាការដាក់បម្រាមរបស់ខ្លួននឹងចូលជាធរមាននៅពេលណានោះទេ។
ទីក្រុង Kyiv និយាយថា ការហាមប្រាមរបស់ប្រទេសប៉ូឡូញផ្ទុយ នឹងកិច្ចព្រមព្រៀងទ្វេភាគី ហើយបានអំពាវនាវឱ្យមានការពិភាក្សាដើម្បីដោះស្រាយបញ្ហា។ ប្រទេសអ៊ុយក្រែន នាំចេញទំនិញកសិផលភាគច្រើនរបស់ខ្លួន ជាពិសេសគ្រាប់ធញ្ញជាតិ តាមរយៈកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ដែលមិនត្រូវបានរារាំងកាលពីខែកក្កដា ក្រោមកិច្ចព្រមព្រៀងរវាងប្រទេសអ៊ុយក្រែន ទួរគី រុស្ស៊ី និងអង្គការសហប្រជាជាតិ។
