
កាលពីថ្ងៃអាទិត្យ (១៦ មេសា) រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសអាល្លឺម៉ង់ ពុំបានបង្ហាញការគាំទ្រចំពោះផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកសំណល់ដែលត្រូវបានចម្រោះរួចចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima Dai-ichi ដែលរងការខូចខាតនោះទេ ។
លោក Steffi Lemke រដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិរក្សធម្មជាតិ និងសុវត្ថិភាពនុយក្លេអ៊ែររបស់ប្រទេស បាននិយាយនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាននៃក្រុមប្រទេសមានឧស្សាហកម្មឈានមុខទាំង៧ឬ G7 នៅទីក្រុង Sapporo របស់ប្រទេសជប៉ុនថា "វាច្បាស់ណាស់ថា បណ្តារដ្ឋមន្ត្រីបរិស្ថានមិនអាចគាំទ្រមតិឆ្លើយតបចំពោះការបញ្ជូនសារធាតុកខ្វក់ទៅក្នុងទឹកនៅគ្រប់ទីកន្លែងក្នុងពិភពលោកតាមមធ្យោបាយ ឬទម្រង់ណាមួយនោះទេ។ ប៉ុន្តែជាក់ស្ដែង យើងត្រូវប្រឈមមុខ និងដោះស្រាយដំណើរការទាំងនោះ" ។
អង្គភាពផ្គត់ផ្គត់ទឹកភ្លើងនិងរដ្ឋាភិបាលជប៉ុន បាននិយាយថា ទឹកដែលត្រូវបានប្រើជាចម្បងដើម្បីធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រ បន្ទាប់ពីរលកយក្សស៊ូណាមិឆ្នាំ២០១១ ដែលបានបំផ្លាញរោងចក្រនោះ ត្រូវបានចម្រោះ ត្រងសម្អាតនិងពង្រាវ ហើយមានសុវត្ថិភាព។
ប្រទេសជប៉ុនបានស្វែងរកការគាំទ្រពីសមាជិក នៃក្រុមប្រទេស G7 សម្រាប់ផែនការរបស់ខ្លួន ក្នុងការបញ្ចេញទឹកដែលត្រូវបានចម្រោះរួច។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បណ្តារដ្ឋមន្ត្រីបរិស្ថាន បានសម្តែងការគាំទ្រចំពោះការពិនិត្យឡើងវិញរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិលើផែនការនេះ ប៉ុន្តែមិនគាំទ្រជាពិសេសចំពោះផែនការបញ្ចេញទឹកដែលត្រូវបានចម្រោះរួចដោយខ្លួនឯងនោះទេ។
