ភ្នំពេញ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានរាយការណ៍ថា គ្រោះធម្មជាតិបង្កឡើងដោយខ្យល់កន្ត្រាក់ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ២នាក់ និងប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ប្រមាណជាង ៤ពាន់ខ្នង ។
ក្នុងរបាយការណ៍បឋម របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ បញ្ហាខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៧១លើក កើតឡើងលើខេត្តចំនួន១៩ បណ្ដាលឲ្យពលរដ្ឋម្នាក់ក្នុងខេត្តសៀមរាបស្លាប់ និងស្លាប់ម្នាក់ទៀត នៅក្នុងខេត្តកំពត ខណៈនៅខេត្តមួយចំនួន មានអ្នករងរបួស សរុបចំនួន១២នាក់ ។
របាយការណ៍ បានបន្តថា បញ្ហាគ្រោះធម្មជាតិនេះ បណ្ដាលឲ្យរលំផ្ទះសម្បែង របស់ប្រជាពលរដ្ឋចំនួន ៣៩៩ខ្នង និងរបើកដំបូលចំនួន ៣ ៧៥៤ខ្នង ខណៈអគារសិក្សាចំនួន ១៩ខ្នង ក៏បានរងការប៉ះពាល់ផងដែរ ។
សម្រាប់ខេត្ត ដែលបញ្ហាខ្យល់កន្ត្រាក់នេះ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋច្រើនជាងគេ គឺមានខេត្តបន្ទាយមានជ័យចំនួន ៦៣៤ខ្នង, ខេត្តឧត្តរមានជ័យ ចំនួន៤៦៩ខ្នង, ខេត្តបាត់ដំបង ៣៨១ខ្នង, ខេត្តក្រចេះ ចំនួន៣៧០ខ្នង និងត្បូងឃ្មុំ ៣៦៧ខ្នង ៕ អត្ថបទ បាន សុខរិទ្ធិ




