
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះពិនិត្យកងកម្លាំងសន្តិសុខនៅតំបន់មួយចំនួននៅប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីនិយាយថា ខ្លួនបានដាក់បញ្ចូលជាឧបសម្ព័ន្ធកាលពីឆ្នាំមុន ខណៈបណ្តារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំងប្រាំពីរ (G7) ដែលជួបប្រជុំគ្នានៅប្រទេសជប៉ុន បានថ្កោលទោសផែនការរបស់រុស្ស៊ីក្នុងការដាក់មូលដ្ឋានអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស។ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានធ្វើទស្សនកិច្ចតំបន់ Kherson និង Luhansk ដោយចូលរួមកិច្ចប្រជុំនៅទីបញ្ជាការយោធាជាមុន និងពិនិត្យទីស្នាក់ការឆ្មាំជាតិនៅពេលបន្ទាប់។
នៅតំបន់ Kherson នៅភាគខាងត្បូង លោកបានស្តាប់របាយការណ៍ពីមេបញ្ជាការកងកម្លាំងទ័ពអាកាសនិងក្រុមកងទ័ព «Dnieper» ព្រមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតដែលបានពន្យល់លោកអំពីស្ថានភាពនៅក្នុងទីក្រុង Kherson និងZaporizhzhia នៅភាគខាងត្បូង។ តំបន់ Kherson, Zaporizhzhia និងLuhansk នៅភាគខាងកើត គឺជាតំបន់ចំនួនបីក្នុងចំណោមតំបន់ទាំងបួនដែលលោកពូទីន បានប្រកាសដាក់បញ្ចូលជាឧបសម្ព័ន្ធកាលពីខែកញ្ញាឆ្នាំមុន។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច បានច្រានចោលការដាក់បញ្ចូលឧបសម្ព័ន្ធ ហើយកងកម្លាំងរុស្ស៊ីបានកាន់កាប់ដោយផ្នែកនៅតំបន់ទាំងនោះ។ទាហានរុស្ស៊ី បានដកថយពីទីក្រុង Kherson ជារដ្ឋធានីក្នុងតំបន់នេះ កាលពីខែវិច្ឆិកាឆ្នាំមុន ហើយបាននិងកំពុងពង្រឹងទីតាំងរបស់ពួកគេនៅលើច្រាំងទន្លេ Dnipro ក្នុងការត្រៀមទុកជាមុនពីការវាយបករបស់អ៊ុយក្រែន។
ខណៈមេដឹកនាំប្រទេសលោកខាងលិចជាច្រើនរូបបានធ្វើដំណើរទៅកាន់ទីក្រុង Kyiv ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានវាយលុករយៈពេល១៤ខែកន្លងទៅ លោក Putin កម្របានចុះពិនិត្យតំបន់នៅអ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់រុស្ស៊ីណាស់។ កាលពីខែមុន លោកបានចុះពិនិត្យតំបន់គ្រីម៉េ និងទីក្រុង Mariupol។ រុស្ស៊ីនិយាយថា «ប្រតិបត្តិការសិកពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន គឺភាពចាំបាច់ដើម្បីការពារសន្តិសុខរបស់ខ្លួនប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថាជាអរិភាព និងការឈ្លានពានរបស់លោកខាងលិច។
