តុលាការរុស្ស៊ី បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់អ្នកសារព័ត៌មានសហរដ្ឋអាមេរិក Evan Gershkovich ប្រឆាំងនឹងការឃុំខ្លួនរូបលោកមុនការកាត់ទោស ។
កាលពីថ្ងៃអង្គារម្សិលមិញ លោកបានឡើងតុលាការក្រុងម៉ូស្គូ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។ លោកត្រូវបានចាប់ខ្លួននៅទីក្រុង Yekaterinburg អំឡុងពេលកំពុងបំពេញការងារឲ្យកាសែត Wall Street Journal (WSJ) និងត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ។
លោក Gershkovich បានឈរឱបដៃក្នុងបន្ទប់កញ្ចក់ការពារគ្រាប់កាំភ្លើង ស្លៀកខោខាវប៊យ និងអាវដៃវែងពណ៌ខៀវ ។ លោកបានញញឹមបន្តិច ពេលឈរនៅស្ងៀម ប៉ុន្តែលោកពុំបាននិយាយអ្វីនោះទេទៅកាន់ក្រុមអ្នកសារព័ត៌មានដែលមានវត្តមាននៅទីនោះ ទេ។
តុលាការ បានច្រានចោលសំណើពីក្រុអ្នកច្បាប់របស់លោកដែលសុំឲ្យដោះលែងតាមរយៈការបង់ប្រាក់តម្កល់ ៥០លានរូប្លិ៍(ស្មើនឹង ៦១៤.០០០ដុល្លារ) ឬដាក់គាត់ឲ្យនៅជាប់ឃុំក្នុងផ្ទះ ។ លោក Gershkovich នឹងជាប់ឃុំនៅក្នុងអតីតពន្ធនាគារ KGB យ៉ាងហោចណាស់ក៏រហូតដល់ថ្ងៃទី ២៩ ខែឧសភាដែរ ។
ក្រៅពីវត្តមានមេធាវីរបស់លោក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូ លោកស្រី Lynne Tracy ក៏មានវត្តមាននៅក្នុងបន្ទប់តុលាការផងដែរ ។ នេះគឺជាតុលាការតែមួយដែលអ្នករិះគន់វិមានក្រឹមឡាំង លោក Vladimir Kara-Murza ត្រូវបានកាត់ទោសពីបទក្បត់ជាតិ និងកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃចន្ទ ។
ថ្លែងនៅក្រៅតុលាការ ក្រោយសវនាការ លោកស្រី Tracy និយាយថា លោកស្រីទើបបានជួបលោក Gershkovich ជាលើកដំបូងកាលពីថ្ងៃចន្ទ ហើយលោកស្រីបន្តថា លោកមានសុខភាពល្អទេ និងនៅតែមានស្មារតីរឹងមាំ ថ្វីត្បិតតែជួបកាលៈទេសបែបនេះក៏ដោយ ៕