
នៅក្នុងដំណើរការអភិរក្សដ៏សំខាន់ សួនសត្វមួយនៅតំបន់ភាគឦសានប្រទេសថៃបានប្រកាសកាលពីថ្ងៃអាទិត្យ (៩ មេសា) ថាខ្លួនភ្ញាស់សត្វត្មាតក្បាលក្រហមដោយជោគជ័យកាលពីខែមុន ដែលធ្វើឱ្យខ្លួនទទួលជោគជ័យក្នុងការបង្កាត់ពូជសត្វនេះដំបូងគេនៅប្រទេសថៃក្នុងរយៈពេល ៣0 ឆ្នាំ ហើយក្លាយជាករណីទីពីរនៅទូទាំងពិភពលោក។
អង្គការសួនសត្វ (ZPO) នៃប្រទេសថៃបានព្យាយាមបង្កាត់ពូជសត្វជិតផុតពូជ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាស្តេចត្មាតអាស៊ី តាំងពីឆ្នាំ ២០០៥។
លោក Attapon Srihayrun អគ្គនាយកអង្គការសួនសត្វ ZPO បានប្រាប់សារព័ត៌មានរ៉យទ័រថា “នៅពេលដែលយើងមានសត្វត្មាតក្បាលក្រហមដែលទើបនឹងកើតដំបូង យើងនឹងមានសត្វត្មាតក្បាលក្រហមទីពីរ ទីបី ទីបួន និងជាបន្តបន្ទាប់។ ក្រោយមកនៅពេលដែលយើងបានសត្វត្មាតក្បាលក្រហមចំនួនច្រើនហើយ យើងនឹងដោះលែងវាទៅធម្មជាតិវិញ»។
សត្វត្មាតក្បាលក្រហមបានផុតពូជក្នុងជម្រកនៅក្នុងព្រៃតាំងពីឆ្នាំ ១៩៩២ ហើយត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិនៅឆ្នាំ ២០២១។